មន្ត្រីសាខា ក.ប.ប. ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តព្រៃវែង នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តអនុវត្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញគ្រប់ប្រភេទដែលចរាចរលើទីផ្សារក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាក់ស្តែង ក្នុងបេសកកម្មនេះមន្ត្រីយើងពិនិត្យលើ ទំនិញហូបចុក ទំនិញជាប្រភេទសាដកដែលចាប់ផ្តើមដាក់លក់ត្រៀមក្នុងឱកាសពិធីកាន់បិណ្ឌខិតជិតមកដល់ ការចុះត្រួពិនិត្យនេះធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក បបែលងៀត ចំនួន ៥.៤គីឡូក្រាមមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) និងទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់និងមិនមានអនុលោមភាព សរុបចំនួន២១២.៣៧គីឡូក្រាម។ ទំនិញមិនមានអនុលោមភាពទាំងនោះត្រូវបានដកហូតយកមករក្សាទុកនៅស្នាក់ការសាខាដើម្បីបន្តនីតិវិធីនាពេលក្រោយ។
ទន្ទឹមនឹងនេះដែរ មន្ត្រីជំនាញនៅតែបន្ត អប់រំណែនាំនិងក្រើនរលឹក ដល់អាជីវករឱ្យចិត្តទុកដាក់លើការរៀបចំដាក់លក់ទំនិញបានសមស្របតាមលក្ខណៈបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន រួមទាំងបានបិទ និងចែកផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ (Poster) បានចំនួន ១០០ សន្លឹកផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ផេកផ្លូវការអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ៕ ដោយ៖លីណា