ទឹកជំនន់ដ៏ធ្ងន់ធ្ងរ បានបន្តវាយលុកភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សជាង ៤០ម៉ឺននាក់ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ នៅថ្ងៃនេះ។ រូបភាពពីលើអាកាសបានបង្ហាញអំពីទំហំ ដែលទឹកជំនន់គ្របដណ្តប់ ធ្វើឲ្យមនុស្សរាប់សែននាក់បង្ខំចិត្តភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេដែរ។ រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ាក៏បានប្រកាសព្រមានផងដែរ អំពីស្ថានភាពទឹកជំនន់ដែលអាចកើតមាននៅក្នុងរដ្ឋចំនួន១១ ក្នុងប្រទេសនេះ ស្របពេលដែលទំនប់ទឹក ក៏ទប់ទឹកលែងជាប់ និងហូរហៀរពីប្រទេសកាមេរូនជិតខាងផងដែរ។ ទឹកជំនន់នៅរដ្ឋ Borno បានបង្ខំឲ្យប្រជាជនជម្លៀសខ្លួនឯងចេញពីផ្ទះរបស់ពួកគេទៅកាន់កន្លែងថ្មី តាមដែលអាចធ្វើបាន។ កាលពីដើមខែនេះដែរស្ថានភាពទឹកជំនន់បានសម្លាប់មនុស្ស ៣០នាក់នៅក្នុងរដ្ឋ Borno បន្ទាប់ពីករណីបាក់ទំនប់វារីអគ្គិសនីដ៏ធំមួយ។ ផ្ទៃដីប្រហែលជា១៥% ដែលស្ថិតក្នុងតំបន់ Maiduguri នៃរដ្ឋ Borno ស្ថិតនៅក្រោមទឹក។ ប្រជាជនជាង១លាននាក់នៅភាគឦសានប្រទេសនីហ្សេរីយ៉ាបានរងផលប៉ះពាល់ដោយទឹកជំនន់ ដោយតំបន់ខ្លះគេបានឃើញកម្ពស់ទឹកឡើងខ្ពស់ហួសទ្រូងផ្លូវ វាបានបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់ពលរដ្ឋ បំផ្លាញដំណាំ និងសត្វពាហនៈ អស់ជាច្រើន។ ទឹកជំនន់បានធ្វើឱ្យមានវិបត្តិមនុស្សធម៌ក្នុងប្រទេសនីហ្សេរីយ៉ាកាន់តែអាក្រក់ទៅៗ រួមទាំងមានអំពើហឹង្សាដោយប្រដាប់អាវុធថែមទៀត ជាពិសេសនៅតំបន់ភាគខាងជើងដែលមានបញ្ហា ក៏បានជម្លៀសមនុស្សរាប់លាននាក់រួចទៅហើយដែរ។ មនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅដោយជម្លោះរួចហើយដែរ ដែលភាគច្រើនគឺពួកគេរស់នៅក្នុងជំរុំ ងាយរងគ្រោះដោយទឹកជំនន់បំផុតសម្រាប់បច្ចុប្បន្ននេះ។ លោក David Stephenson តំណាងកម្មវិធីស្បៀងអាហារពិភពលោកបានមានប្រសាសន៍ថា៖ វាជាសោកនាដកម្មដ៏ពិតប្រាកដមួយសម្រាប់ប្រជាជនក្នុងតំបន់នេះ ដែលមានផ្ទះសម្បែងរបស់ពួកគេស្រាប់។ លោកបានបន្ថែមថា ទឹកជំនន់បានបង្ហាញពីបញ្ហាប្រឈមមួយទៀតសម្រាប់ប្រជាជនដែលផ្លាស់ទីលំនៅក្នុងតំបន់ ដែលមនុស្សជាច្រើនបានធ្វើវារួចហើយនោះគឺរត់គេចពីអំពើហឹង្សាមកនៅក្នុងសំពត់តង់ហើយ ត្រូវមករត់គេចពីទឹកជំនន់ទៀត វាពិតជាងាយរងគ្រោះខ្លាំងសម្រាប់ប្រទេសក្នុងតំបន់អាហ្រ្វិកខាងលិចមួយ ដែលបានហែលឆ្លងយ៉ាងលំបាកជាមួយនឹងទឹកជំនន់ខ្លាំងបំផុតក្នុងប៉ុន្មានទសវត្សរ៍មិនធ្លាប់មាន ដែលធ្វើប៉ះពាល់ដល់មនុស្សជាង២លាននាក់ ដែលភាគច្រើនជួបផលលំបាកគុណនឹង៣ដងបើធៀបនឹងឆ្នាំ ២០២២ ដែលមនុស្សជាង៦០០នាក់បានរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយពេលនោះគឹទឹកត្រូវបានបញ្ចេញមកពីទំនប់ Lagdo ដូចគ្នានៅក្នុងប្រទេសកាមេរូនដដែល៕
ទឹកជំនន់ដ៏ធ្ងន់ធ្ងរ បានបន្តវាយលុកភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សជាង ៤០ម៉ឺននាក់