ខេត្តកណ្តាល៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានបឋម! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ)កើតហេតុ: នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២ និង៤៤នាទីរសៀល នៅចំណុច: កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។
របាយកាណ៍សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ ០៤នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម បាញ់ទៅលើសន្តិសុខ ០៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ០១នាក់ ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ ( ជាប្រភេទគ្រាប់បែកដែកកេះ ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចជនសង្ស័យ បានរត់ឡើងជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ចេញទៅក្រៅគេចខ្លួនបាត់។
ជនរងគ្រោះម្នាក់មានឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច)
ជនសង្ស័យចំនួន ០៤នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
នៅកន្លែងកើតហេតុសមត្ថកិច្ចដកហូតបាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់
២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប!