ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេល៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។
កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូចខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយហើយដួលរលំ។
លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការជួសជុលកំពែងក្រុងអង្គរធំពេលនេះ គឺត្រូវពង្រឹងគ្រឹះជើងក្រោមរបស់កំពែងចំនួន៣ស្រទាប់ ឱ្យបានរឹងមាំជាមុន រួចហើយរៀបជញ្ជាំងដែលខូចខាតទាំងអស់ឡើងវិញ។
នេះ គឺជាការជួសជុលកំពែងរបស់ក្រុងអង្គរធំដំណាក់កាលទី៦។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។
ក្រុមអ្នកជំនាញផ្នែកជួសជុល ឱ្យដឹងទៀតថា នៅមុនពេលឈានដល់ការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ គឺក្រុមអ្នកស្រាវជ្រាវបានធ្វើកំណាយ ដើម្បីសិក្សាពីរចនាសម្ពន្ធទាំងមូលរបស់កំពែង ដើម្បីឱ្យប្រាកដថា តើការដួលរលំរបស់កំពែងនេះបណ្ដាលមកពីកត្តាអ្វី? តើនៅទីនេះ ធ្លាប់មានការជួសជុលពីមុនដែរឬទេ? បន្ទាប់មកទើបក្រុមការងារធ្វើការសម្អាត សិក្សាពីជើងគ្រឹះក្រោម ដើម្បីពង្រឹងគ្រឹះឡើងវិញ។
គម្រោងជួសជុលនេះ ក៏មានការត្រួតពិនិត្យបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរសម្រាប់អង្គរហៅកាត់ថា អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុកផងដែរ៕
ប្រភព៖អាជ្ញាធរអប្សរា