ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឃាត់ខ្លួនបុរសជាប្តី ខណៈប្រើទឹកអាស៊ីតជះទៅលើប្រពន្ធបណ្តាលឲ្យរងរបួសនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងជនសង្ស័យខាងលើជាប្តីរបស់ស្ត្រីរងគ្រោះ ដើមចមនៃរឿងផ្តើមចេញពីការរស់នៅមិនចុះសម្រុងគ្នា ដោយសារប្តីប្រើប្រាស់គ្រឿងញៀនហើយមិនមានទំនួលខុសត្រូវក្នុងគ្រួសារ ទើបប្រពន្ធសុំលែងលះ នៅសាលាឃុំបីទៅបួនដង ប៉ុន្តែភាគីជាប្តីដែលជាជនដៃដល់មិនព្រមកើតចិត្តខឹងទើបទិញទឹកអាសុីតជះទៅលើប្រពន្ធ បណ្តាលឱ្យរងរបួសតែម្តង ។
ជនរងគ្រោះ ឈ្មោះភួង ថាវី មានទីលំនៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រីជនបង្កឈ្មោះ យឹម រដ្ឋា អាយុ ៤០ ស្រុកកំណើតនៅខេត្តស្វាយរៀង ។
ចំពោះហេតុការណ៍ខាងលើនេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មានTVFB នៅរសៀលថ្ងៃទី៩ ខែតុលានេះថាពិតជាមានករណីខាងលើនេះមែន ពេលនេះសមត្ថកិច្ចកំពុងតែបន្តនីតិវិធី ចាត់ការទៅតាមផ្លូវច្បាប់ ៕