រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ពាក់ព័ន្ធករណី ប្រើអាវុធខ្លីភ្ជង់គំរាម វាយប្លន់យកម៉ូតូ និងទូរស័ព្ទ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០២ និង ២០នាទី រំលងអធ្រាត្រ នៅចំណុចមុខផ្ទះលេខ៤៥Eo ផ្លូវលេខ១៤៦ ក្រុមទី២៦B ភូមិ០៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទ) បានកើតឡើង បង្កឡើងដោយជនសង្ស័យ ០៣នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស បានធ្វើសកម្មភាព ប្រើអាវុធខ្លី ០១ដើម ភ្ជង់គំរាម បុរសម្នាក់ នារីម្នាក់ ជាជនជាតិខ្មែរ ដែលកំពុងឈប់ម៉ូតូនៅតាមផ្លូវ ហើយបានយកស្នាប់កាំភ្លើង វាយក្បាលបុរសជនរងគ្រោះ ០១ស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាម រួចប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JM-0485 និងទូរស័ព្ទដៃ ០២គ្រឿង (១-ម៉ាក IPHONE7 ពណ៌ទឹកមាស ,២-ម៉ាក OPPO ពណ៌ខ្មៅ) ហើយគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបន្តស្វែងរកចាប់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត ភេទប្រុស ជនជាតិខ្មែរ នៅចំណុចផ្ទះសំណាក់យីហោ Today បន្ទប់លេខ៥០២ ជាន់ទី២ ជិតវិទ្យាល័យបាក់ទូក សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្នុងករណីនេះ ជនរងគ្រោះមានឈ្មោះ ជុំ ចាន់តារ៉ារស្មី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន មានទីលំនៅ ផ្ទះជួលលេខ២៦A ផ្លូវលេខ២១២ ភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ចំណែកសម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JM-0485 , ទូរស័ព្ទដៃ ០២គ្រឿង (១-ម៉ាក IPHONE7 ពណ៌ទឹកមាស ,២-ម៉ាក OPPO ពណ៌ខ្មៅ) និងរងរបួស បែកក្បាលហូរឈាម ។
ដោយឡែក ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហេង ដារ៉ុង ហៅ ខ្មៅណាហ្គា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
២-ឈ្មោះ អេង វណ្ណូត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ យ៉ឹម សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ច ដកហូត វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)
-កាំភ្លើងខ្លីប្រើហ្គេស ០១ដើម ម៉ាក BERETTA ពណ៌ខ្មៅ ,បង់ ០១ (ឧបករណ៍ធ្វើសកម្មភាព)
-ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Smash ពណ៌ក្រហម ផ្លាកលេខ រដ្ឋ20 1-0964 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)
-មួក ០១ ពណ៌ស (ពាក់ពេលប្រព្រឹត្តិបទល្មើស)
-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ០១ថង់តូច
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ពណ៌ក្រហម) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់បន្ថែមផងដែរថា រយៈពេលចុងក្រោយនេះ តាំងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកកាន់នៅរាជធានីភ្នំពេញភ្លាម គេហាក់សង្កេតឃើញ កងកម្លាំងក្រោមការដឹកនាំរបស់ឯកឧត្តមផ្ទាល់ តែងតែបង្ក្រាបយ៉ាងសកម្ម ទាំងករណីក្មេងទំនើង ចោរលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនតាមក្លឹបកម្សាន្តជាដើម តែងតែធ្វើជាប់ដូចភ្លៀងរលឹម ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការសាទរជាខ្លាំង ៕ សំណាង