រាជធានីភ្នំពេញ ៖ ទុក្ខជាន់លើទុក្ខស្ត្រីជាម្តាយរស់ទាំងត្រដរខំធ្វើការរោងចក្រ ចិញ្ចឹមកូនម្នាក់ឯង ខណៈប្តីបានបោះបង់ចោលតាំងពីកូននៅក្នុងផ្ទៃ តស៊ូឳ្យកូនបានរៀន ប៉ុន្តែជាអកុសលនៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៤កូនរបស់គាត់ទាំង២នាក់បងប្អូនបានជិះម៉ូតូឌុបគ្នាទៅបើកបវេសនកាលថ្មីបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកជាមួយម៉ូតូមួយគ្រឿងទៀតពេញទំហឹង ស្របពេលនោះក៏មានរថយន្ដតូយ៉ូតាព្រូសមួយមកពីក្រោយកិនស្លាប់ម្នាក់ និងរបួសស្រាល២នាក់ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហុង តាក់វណ្ណឆៃ អាយុ១៣ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យទួលអំពិល ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោលចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងាររបស់អង្កភាពសារព័ត៌មានTVFBបានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជនសិស្សសាលាពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CV-2304 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ក៏បុរសម្នាក់ទៀតជិះ
ម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1M-4091 ជិះច្រាស់ទិសដៅគ្នា រួចបានបត់ឆ្វេងឆ្លងផ្លូវ បុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលត្រូវរថយន្តតូយូតាព្រូស បេីកបរតាមផ្លូវបេតុងព្រៃសទិសដៅពីរកេីតទៅលិច កិនចំក្បាលសិស្សសាលាម្នាក់ស្លាប់មួយរំពេច រួចរថយន្តបង្កបន្ដបើកទៅមុខបាត់ស្រមោល ចំណែកយុវជនជាឌុបនិងបុរសជិះម៉ូតូម៉ាកវេវរងរបួលស្រាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ រាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕