ថ្លែងក្នុងពិធីបិទកិច្ចប្រជុំ ការងារយុវជន និង អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងទិសដៅការងារបន្ដ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ បានកោតសរសើរការងារយុវជននិងអ្នកស្ម័គ្រ ដែលបានបំពេញការងារមួយឆ្នាំកន្លងមកនេះ។ ពិធីនេះអញ្ជើញចូលរួមពី សមាជិក គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន សមាជិកគណៈកម្មាធិការសាខាទទួលបន្ទុកការងារយុវជន ទាំង២៥សាខា រាជធានី-ខេត្ត និងទីប្រឹក្សាយុវជន ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបទាំងអស់ចំនួន២២៧នាក់ នៅទីស្នាក់ការកណ្តាល កក្រក។
ជាកិច្ចចាប់ផ្តើមលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអានបាយការណ៍ សង្ខេបជូនអង្គពិធីទាំងមូល អំពីការងារយុវជន និងអ្នកស្ម័គ្រចិត្ត ក្នុងរយៈមួយឆ្នាំកន្លងមកនេះ និងទិសដៅការងារបន្ត ដែលក្នុងនោះបានរំលេចឱ្យឃើញនូវការងារ សម្រេចបានលទ្ធផលល្អប្រសើរ រីឯកម្លាំងយុវជន កាកបាទក្រហមកម្ពុជាថ្មី បានកើនជាលំដាប់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលយុវជនទាំងនោះ សុទ្ធតែបានទទួលការបណ្តុះ បណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម មានសកម្មភាពដ៏រស់រវើក ក្នុងការងារមនុស្សធម៌ និងការងារសង្គម មានការយល់ដឹងពីគោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទទួលបានការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការងារទំនាក់ទំនងសហប្រតិបត្តិការ ជាតិ-អន្តរជាតិ។
បន្ទាប់ពីបានស្តាប់របាយការណ៍រួច លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមកចូលរួម ក្នុងពិធីបិទកិច្ចប្រជុំការងារយុវជន និង អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងទិសដៅការងារបន្ដ សម្រាប់សាខាទាំង២៥ និងនៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះសមាជិកសមាជិកា នៃអង្គប្រជុំទាំងមូល និងបានគូសបញ្ជាក់ពីភាពជាគំរូរបស់យុវជន កាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ដែលតែងតែមានមុខជានិច្ច ក្នុងសកម្មភាពមនុស្សធម៌នៅតាមសហគមន៍ និងក្នុងកិច្ចការងារសង្គមជាតិជាច្រើន ដែលជាកម្លាំងស្នូលមួយមិនអាចខ្លះបាន។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ការងារយុវជន និងស្ម័គ្រចិត្តទាំងអស់ ពិតណាស់គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឆន្ទៈ នៃការលះបង់កម្លាំងកាយចិត្ត ពេលវេលា ប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ប្រធានគណៈកម្មាធិការសាខា ទាំង២៥ រាជធានី-ខេត្ត ក៏ដូចជា សាកលវិទ្យាធិការ /នាយកវិទ្យាស្ថាន ដែលជាប្រធានកិត្តិយស ក្លឹប ក្នុងការខិតខំប្រឹងប្រែង ឆ្លើយតបបានយ៉ាងសក្តិសម ទៅនឹងការយកចិត្តទុកដាក់ ផ្តល់សារៈសំខាន់ទៅលើកម្លាំងយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេងនិងជាគម្រូដល់យុវជនដទៃទៀត។ នៅក្នុងឱកាសនេះដែរលោកជំទាវបណ្ឌិត ក៏បានជម្រុញលើកទឹកចិត្តទៅដល់មន្រ្តី ទីស្នាក់ការកណ្តាល ត្រូវរៀបចំឱ្យមានកម្មវិធីបោះជំរំយុវជន កាកបាទក្រហមកម្ពុជា យ៉ាងហោចណាស់ក្នុងមួយឆ្នាំមួយដង។ សូមជម្រាបថានៅចុងបន្ទាប់នៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានឧបត្ថម ថវិការ ទៅដល់ក្លឹបយុវជនទាំង២៥គ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ដោយក្លឹបនីមួយៗទទួលបានថវិកា ចំនួន២លាន រៀល សម្រាប់ប្រើប្រាស់តាមតម្រូវការនៅក្នុងក្លឹបយុវជនរបស់ខ្លួន៕



