នគរបាលខេត្តព្រៃវែង ឃាត់ឱ្យតៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យាជាច្រើននាក់
សន្តិសុខសង្គម
37

រាជធានីភ្នំពេញ ៖ ផេកអគ្គស្នងការនគរបាលជាតិបានបង្ហោះនៅព្រឹកថ្ងៃនេះថាកម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តព្រៃវែងបានធ្វើប្រតិបត្តិការឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។

តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេររៀបរាប់ថា រថយន្តក្រុង កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែង មានខ្លះល្មើសច្បាប់ចរាចរណ៍ ខ្លះត្រឹមត្រូវ ត្រូវបានឃាត់អប់រំយ៉ាងហ្មត់ចត់ដោយមិនផាកពិន័យ និងធ្វើឱ្យបានគ្រប់ៗគ្នាតែម្តង។ លោកស្នងការបន្តថា«តទៅទៀត បើពួកគាត់នៅតែល្មើស នោះការអនុវត្តច្បាប់យ៉ាងតឹងរឹងត្រូវតែធ្វើ ហើយសុំកុំប្រមាថនគរបាល ។ ច្បាស់ហើយ នគរបាលចរាចរណ៍មិនល្អឥតខ្ចោះនោះទេ តែខ្ញុំជាប្រធានអង្គភាពនឹងខិតខំសម្អាតឱ្យបានតាមតែអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ ខ្ញុំជឿថា អ្នកចូលចិត្តប្រព្រឹត្តល្មើសនៅតែល្មើសកែពិបាកឡើង ម្យ៉ាងនគរបាលយើងក៏គ្មានលទ្ធផលឈរប្រចាំការមើល ១០០ម៉ែត្រមួយៗនោះដែរ ។ ទាមទារការចូលរួម…។»

ថ្មីៗនេះ អ្នកនាំពាក្យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លោក រ៉េន រតនៈ ទើបតែបញ្ជាក់អំពីចំណារ របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការមួយចំនួនលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលត្រូវបានសង្កេតឃើញថា មានសកម្មភាពបើកបរតាមដងផ្លូវល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើកបរវ៉ាជែងគ្មានសណ្ដាប់ធ្នាប់ បង្កក្ដីព្រួយបារម្ភលើអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតាមបណ្ដាដងផ្លូវ។ សកម្មភាពនេះ ក៏ទទួលការរិះគន់ច្រើនលើកច្រើនសារពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលជារឿយៗមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកអ្នកដំណើរនេះកើតមានឡើងតាមបណ្ដាផ្លូវជាតិលេខ១ជាបន្តបន្ទាប់។ នេះជាការបន្ថែមពីលោក រ៉េន រតនៈ។

ជុំវិញព័ត៌មាននេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃនេះថា ការអនុវត្តតឹងរឹងបែបនេះមិនមែនជាការរើសអើងលើអ្នកបើកបររថយន្តក្រុងកម្ពុជា-វៀតណាម ឬវៀតណាម-កម្ពុជានោះទេ។ ប៉ុន្តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងម្ដងហើយម្ដងទៀត ដែលនាំឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់មហាជនទូទៅ ទាំងអ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ១ ដែលចាំបាច់ត្រូវអនុវត្តជាគំរូ ដោយនៅដំណាក់កាលបន្ទាប់ គឺនឹងត្រូវអនុវត្តចំពោះអ្នកបើកបរទូទៅផងដែរ។ លោកបណ្ឌិតថា«ចាប់ពីពេលនេះតទៅ គឺឱ្យតែអ្នកប្រើប្រាស់ផ្លូវគ្រប់មធ្យោបាយទាំងអស់ គឺត្រូវតែគោរពឱ្យបាន ទី១គឺសីលធម៌ក្នុងការបើកបរ និងទី២គឺច្បាប់ចរាចរណ៍ផ្លូវគោក»។

លោកបណ្ឌិតបន្ថែមក្នុងន័យដើមថា «យើងមិនដកដៃទេ គឺយើងមានតែបង្កើននូវយន្តការកាន់តែច្រើន ដើម្បីគ្រប់គ្រងសកម្មភាពល្មើសច្បាប់នៅលើដងផ្លូវជាតិនេះ ហើយមិនមែនមានតែតាមដងផ្លូវជាតិហ្នឹងមួយទេ គឺនឹងបន្តពង្រីកការអនុវត្តឱ្យបានគ្រប់ទីកន្លែង គ្រាន់តែផ្លូវជាតិលេខ១ ជាគោលដៅចម្បង ឬអាទិភាព។ ជារួមសម្រាប់ជនបរទេសការបើកបរនៅលើទឹកដីរបស់រដ្ឋមួយដែលមានអធិបតេយ្យមួយ ដាច់ខាត គឺត្រូវតែគោរពទៅតាមច្បាប់នូវរាល់អធិបតេយ្យនោះ ពោលគឺគោរពច្បាប់ចរាចរណ៍របស់ព្រះរាជណាចក្រកម្ពុជា ជាដាច់ខាត»។

«បើផ្អែកលើគោលការណ៍សីលធម៌ សុជីវធម៌ក្នុងការបើកបរ គឺយើងត្រូវតែគោរពជាទូទៅ នូវសីលធម៌ និងសុជីវធម៌ ក្រោមភាពជាមនុស្សដែលបញ្ជាយានយន្ត ឬប្រើប្រាស់ផ្លូវ។ ការប្រុងប្រយ័ត្ននៅក្នុងការបញ្ជាយានយន្តត្រូវមានការឈ្វេងយល់នូវចំណុចទាំងនេះ ដើម្បីបង្ហាញអ្នកបើកបរមានការទទួលខុសត្រូវក្នុងការបញ្ជាយានយន្ត ព្រមទាំងបានបង្ហាញថា អ្នកបើកបរទាំងអស់គឺបានគោរពមិនថាច្បាប់របស់រដ្ឋនោះទេ គឺគោរពភាពជាម្ចាស់ផ្ទះរបស់ប្រជាពលរដ្ឋនៃរដ្ឋមួយផងដែរ។ នេះជាការបន្ថែមពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែរ៕


Telegram