នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះចំនួន ២.០២៥គ្រួសារ មកពីស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នេះគឺជាថ្ងៃទី២ នៃបេសកកម្មមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅខេត្តឧត្តរមានជ័យ បន្ទាប់ពីបានចែកអំណោយជូនប្រជាជនចំនួន ២.២៥០គ្រួសារ នៅស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោងកាលពីម្សិលមិញ។
គ្រួសារនីមួយៗទទួលបានអំណោយផ្សេងៗ រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, សាប៊ូកក់សក់ ១ដប, ស្ករស ១គីឡូក្រាម, ឃីត ១កញ្ចប់, នំប៉័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទទួលបានការឧបត្ថម្ភ ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធានជូនកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ៕





