ក្រសួងធនធានទឹក និងរដ្ឋបាលខេត្តសៀមរាប ចាត់ឱ្យអាជ្ញាធរខេត្ត និងក្រុងសៀមរាប ត្រូវចាត់វិធានការបញ្ឈប់រាល់សកម្មភាព បង្កឱ្យប៉ះពាល់ដល់ធនធានធម្មជាតិព្រៃលិចទឹក និងជីវចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង
សន្តិសុខសង្គម
15

ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប រួមជាមួយនឹង លោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំឱ្យអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរក្រុងសៀមរាប ត្រូវចាត់វិធានការ និងរៀបចំនីតិវិធី ឃាត់ និងបញ្ឈប់រាល់សកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ព្រៃលិចទឹក និងជីវចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង ក៏ដូចជាសកម្មភាពលើដី (តំបន់២) ទំហំ ៧៧.០៣ ហិកតា ដែលស្ថិតក្នុងនីតិវិធីស៊ើបអង្កេតកំពុងដំណើរការ។

ការណែនាំរបស់ថ្នាក់ដឹកនាំទាំងពីរ បានធ្វើឡើងនៅក្នុងឱកាសនាំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយជាមួយនឹងក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័នថ្នាក់ជាតិ មន្ទីរជំនាញថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាននៃរដ្ឋបាលក្រុងសៀមរាប និងសហគមន៍ក្នុងតំបន់បឹងពារាំង នាថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៥ លើករណី៖ ១. រំលោភបំពានខ្លឹមសារអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពឈួសឆាយព្រៃលិចទឹក (តំបន់២) នៃតំបន់ទ្រនាប់, ២. ការជីកប្រឡាយ និងលើកផ្លូវក្នុងតំបន់អភិរក្សបឹងពារាំងនៃដែនព្រៃលិចទឹកតំបន់៣ និង៣. ការលើកកម្ពស់និរន្តរភាពអេកូទេសចរណ៍ធម្មជាតិបឹងពារាំងក្នុងតំបន់ការពារដែនព្រៃលិចទឹក (តំបន់៣) នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

គួរបញ្ជាក់ជូនថា ក្រោយពីបានពិភាក្សាពិគ្រោះយោបល់គ្នារវាងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដោយឈរលើស្មារតីយកចិត្តទុកដាក់ និងមនសិការចូលរួមថែរក្សាការពារធនធានធម្មជាតិ រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប និងលើកកម្ពស់និរន្តរភាពអេកូទេសចរណ៍ធម្មជាតិ ស្របជាមួយនឹងរបៀងសេដ្ឋកិច្ចឧស្សាហកម្មគ្មានផ្សែងខេត្តសៀមរាប អង្គប្រជុំពិភាក្សា បានឯកភាព និងយល់ស្រប៖

ទី១. ក្រុមការងារថ្នាក់ខេត្ត ជាពិសេសអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរក្រុងសៀមរាប ពិនិត្យលទ្ធភាពសម្របសម្រួល និងជម្រុញបង្កើតឱ្យមានយន្តការរចនាសម័្ពន្ធសហគមន៍ត្រឹមត្រូវ ក្នុងស្មារតីទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព។

ទី២. សហគមន៍បន្តដំណើរការការងារក្នុងសកម្មភាពការពារទប់ស្កាត់បទល្មើសនានា និងនិរន្តរភាពការទាក់ទាញភ្ញៀវទេសចរមកកំសាន្តក្នុងតំបន់អភិរក្សបឹងពារាំង។

ទី៣. ជំរុញយន្តការរៀបចំក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់ និងចូលរួមគាំទ្រដំណើរការរបស់សហគមន៍ ក្នុងការលើកកម្ពស់និរន្តរភាពអេកូទេសចរណ៍ធម្មជាតិបឹងពារាំងក្នុងតំបន់ការពារតាមរយៈ (១) កសាងសមត្ថភាពធនធានមនុស្សក្នុងសហគមន៍ (២) រៀបចំផែនការអភិវឌ្ឍ និងគ្រប់គ្រងអេកូទេសចរធម្មជាតិក្នុងតំបន់ការពារបឹងពារាំង (៣) ផែនការអាជីវកម្មអេកូទេសចរធម្មជាតិបឹងពារាំងក្នុងតំបន់ការពារ ដើម្បីស្វែងរកថវិកាគាំទ្រ និង (៤) តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពការងារសហគមន៍ ក៏ដូចជានិរន្តរភាពវឌ្ឍនភាពដំណើរការអេកូទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារបឹងពារាំង៕ស្ថាប័ននេះ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដើម្បីផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ជំរុញនវានុវត្តន៍ និងកំណើននៃធុរកិច្ចថ្មី៕ 


Telegram