សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង
ព័ត៌មានជាតិ
103

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ។ ប្រទេសមួយអាចមានអារ្យធម៌រុងរឿងបាន ទាល់តែមានមូលធនមនុស្សពូកែ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថាន វ៉ាន់ដា សរុបចំនួន ៤.៤២៦ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា «ប្រសិនបើសង្គមមួយដែលរវល់តែឈ្លោះគ្នា, បែកបាក់គ្នា និងមានសង្គ្រាមរ៉ាំរ៉ៃ,ផ្លាស់ប្តូររបបគ្រប់គ្រងឥតឈប់, មានភាពរកាំរកូសឥតឈប់ឈរជាមួយប្រទេសជិតខាង,សង្គមនោះ ពិតជាគ្មានពេលវេលា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, កសាងស្ថាប័ន និងកសាងសមត្ថភាពនៃមូលធនមនុស្សរបស់ខ្លួនបានឡើយ ហើយសង្គមនោះ ប្រហែលជាត្រូវខាតបង់ធនធានយ៉ាងច្រើន ដើម្បីគាំទ្រដល់ការប្រយុទ្ធតតាំងគ្នា ជាជាងការកសាងជាតិ។ ផ្ទុយទៅវិញ, បើសង្គមមួយមានសន្តិភាព និងស្ថិរភាព, ប៉ុន្តែ សង្គមទាំងមូល មិនបានផ្តល់តម្លៃលើការសិក្សាអប់រំ, ហើយពលរដ្ឋ មិនខិតខំកសាងសមត្ថភាពរបស់ខ្លួន, ប្រទេសជាតិមានធនធានមនុស្សទន់ខ្សោយ, ខ្វះឯករាជ្យម្ចាស់ការ មិនអាចប្រកួតប្រជែងជាមួយនឹងគេបាន, សង្គមនោះក៏មិនអាចរីកចម្រើនជឿនលឿនបានដែរ»។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងសេដ្ឋកិច្ចទីផ្សារបើកចំហរបស់កម្ពុជា, និងការជំរុញសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, តួអង្គសេដ្ឋកិច្ចទាំងអស់របស់កម្ពុជាសុទ្ធតែបានដឹងហើយថា យើងមិនមែនប្រកួតប្រជែងតែជាមួយតួអង្គក្នុងស្រុកនោះទេ។ នៅពេលដែលរាជរដ្ឋាភិបាល ចង់ទាក់ទាញវិនិយោគ ឱ្យបង្កើតឧស្សាហកម្មថ្មី ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ជាងមុន និងមានតម្លៃបន្ថែមខ្ពស់ជាងមុន, វិនិយោគិន ប្រាកដជានឹងសួរយើងថា តើយើងមានវិស្វករប៉ុន្មាននាក់ មានកម្មករជំនាញប៉ុន្មាននាក់ មានអ្នកគ្រប់គ្រងប៉ុន្មាននាក់? ប្រសិនបើយើងខ្វះខាត មូលធនមនុស្ស, ឬ ធនធានមនុស្សយើងខ្សោយពិបាកបណ្តុះបណ្តាល, ប្រាកដណាស់ វិនិយោគិន គេនឹងជ្រើសយកប្រទេសផ្សេង ជាទីតាំងវិនិយោគរបស់គេហើយ។

សូមជម្រាបជូនថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថាន វ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និង សាស្ត្រាចារ្យ សរុបចំនួន ៩៧១ នាក់ (នារី ៣៨២ នាក់ ) និង និស្សិត កំពុងសិក្សា ចំនួន ១០.២១២ នាក់ (នារី ៩.១៧០ នាក់ ) និង គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២៣-២០២៤ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង សរុបចំនួន ៥៦.៥២៦ នាក់ (នារី ៤៧.៩៨៣ នាក់ )។ ដោយឡែក ចំពោះនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រនាឱកាសនេះវិញ យោងតាមការធ្វើអង្កេតបានបង្ហាញថា និស្សិតចំនួន ៤.៤២៦ នាក់ នេះ អ្នកមានការងារធ្វើ ចំនួន ៣.៩៧៤ នាក់ ស្មើនឹង ៨៩,៧៩%៕


Telegram