សម្តេចតេជោ បញ្ជាក់ថា ការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជា-ថៃ បង្ហាញពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ដែលដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ
ព័ត៌មានជាតិ
65

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលយើងមាន៨ពាន់លានដុល្លារ ដែលការកើនឡើងនេះបង្ហាញអំពី ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជា មួយគ្នានៃទំនាក់ទំនងនយោបាយ ក៏កាន់តែល្អប្រសើរដែរ តាមរយៈការផ្លាស់ប្ដូរ ថ្នាក់ដឹកនាំរវាងប្រទេស ទាំងពីរជាបន្តបន្ទាប់ ដែលកន្លងទៅនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសថៃ ហើយពេលខាងមុខនេះនាយករដ្ឋមន្ត្រីថៃនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាស ខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

នេះបើយោងតាមការបញ្ជាក់រប ស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

សម្ដេចតេជោ ក៏បានសម្ដែងនូវភាពរីករាយចំពោះកំណើនទេសចររវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើនភ្ញៀវទេសចរថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើង ដែលឆ្នាំ២០២៤ មានរហូតដល់២លាននាក់ ឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរបរទេស ហើយទេសចរកម្ពុជាទៅ ប្រទេសថៃវិញគឺ ប្រមាណ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរ បន្ថែមទៀត។

ឯកឧត្តម ទុល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃបានសំដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបាន អនុញ្ញាត និងទទួលសារតាំង ពីឯកឧត្តមក្នុងឋានៈសម្ដេចជាប្រមុខរដ្ឋស្ដីទី។ ឯកឧត្តម បានប្តេជ្ញាធ្វើយ៉ាងណាពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕ 

ប្រភព៖ ក្រសួងព័ត៍មាន


Telegram