រាជរដ្ឋាភិបាល ណែនាំឱ្យរៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែរ រៀងរាល់៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ ចេញផ្សាយ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥
ព័ត៌មានជាតិ
75

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ចំនួន ៣ចំណុច សំខាន់ៗ ដើម្បីជាប្រយោជន៍ដ៏អស្ចារ្យសម្រាប់ពុទ្ធសាសនិក និងជាការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។

យោងតាមលិខិតចេញពីទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានចេញជាគោលការណ៍ដូចខាងក្រោម៖

១. រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបីដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើកម្ពីរព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព ក៏ដូចជាវិសាលភាពនៃមុខការ និងតួនាទីភារកិច្ច ឱ្យបានច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងសុក្រឹតភាពនៃការងារសំខាន់នេះ

២. ចំពោះការរៀបចំពិធីសូធ្យគប្តីព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តង នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប គួរពិចារណាធ្វើនៅលើភ្នំព្រះរាជទ្រព្យ (ព្រះសក្យមុនីចេតិយ) ដែលជាទីតាំងតម្កល់ព្រះបរមសារីរិកធាតុ និងជាទីដែលរៀបចំពិធីបុណ្យមាឃបូជា និងពិសាខបូជាជារៀងរាល់ឆ្នាំ

និង៣. កំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ រយៈពេល ៣ឬ៥ថ្ងៃ។ ចំពោះទីតាំង គួរពិចារណាធ្វើនៅលើភ្នំព្រះរាជទ្រព្យ (ព្រះសក្យមុនីចេតិយ) ជាជម្រើសផងដែរ។ ត្រូវពិភាក្សាជាមួយគណៈសង្ឃនាយក និងធ្វើការសម្រេចរួម។

គួរជម្រាបជូនថា សេចក្តីសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំងពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕


Telegram