ខេត្តបាត់ដំបង៖ ស្រ្តីនិងបុរសវ័យកណ្តាល ០២នាក់បានចូលទៅបញ្ចាំចិញ្ចៀនមាសមួយវង់ ក្នុងតម្លៃ ៤០០,០០០រៀល(សែសិបម៉ឺនរៀល)ដោយប្រាប់អ្នកលក់ថាត្រូវការប្រាក់ចាំបាច់ បញ្ចាំតែ៣ថ្ងៃទេលស់វិញហើយ ហើយស្រ្តីរូបនោះបានហុចចិញ្ចៀនឱ្យមកផ្ជាប់ជាមួយលិខិតបង្កាន់ដៃ ផង អាជីវករជាអ្នកលក់មាសឃើញបែបនេះគិតថាចិញ្ចៀនពិតប្រាកដ ក៏ប្រគល់ប្រាក់ចំនួនខាងលើឱ្យទៅស្រ្តីនិងបុរសរូបនោះ ។ខណៈទទួលបានប្រាក់ភ្លាមជនសង្ស័យទាំងពីរហាក់ប្រញ៉ាប់ ប្រញ៉ាល់ក្នុងការចាកចេញ ដែលបង្ហាញនូវឥរិយាគួរឱ្យសង័្សយ ភ្លាមនោះអាជីវករអ្នកលក់មាស បានយកចិញ្ចៀនដែលជនសង្ស័យយកមកបញ្ចាំ មកពិនិត្យមើលម្តងទៀតទើបដឹងថា ជាចិញ្ចៀនកាឡៃ មិនមែនចិញ្ចៀនមាសនោះទេ ហេតុការណ៍នេះបង្កឳ្យមានការភ្ញាក់ផ្អើលប្តឹងទៅសមត្ថកិច្ចនៅវេលាម៉ោង៩ និង៥០នាទី ព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្រុមទី០៣ ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។
អាជីវករលក់មាស ប្តូរប្រាក់ខាងលើមានឈ្មោះ លាម ណែត ភេទស្រី អាយុ២៦ឆ្នាំ ភ្លាមៗបានផ្តល់ព័ត៌មាននេះដល់សមត្ថកិច្ចនគរបាលស្រុកសំឡូត បន្ទាប់ពីទទួលបានព័ត៌មានលោកវរសេនីយ៍ទោ មែន រីម អធិការនគរបាលស្រុក បានចេញអន្តរាគមន៍ ស្ទាក់ចាប់បានជនសង្ស័យស្រ្តីនិងបុរសវ័យកណ្តាលទាំងពីរនាក់ខាងលើ ខណៈកំពុងជិះម៉ូតូ មួយគ្រឿងចាកចេញពីភូមិសាស្រ្តស្រុកផងដែរ ។
ស្រ្តីជាជនសង្ស័យមានឈ្មោះ រ៉េន ម៉ៅ អាយុ ៤២ ឆ្នាំ មានទីលំនៅ នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ នៅភូមិព្រះធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញចិញ្ចៀន ជាគ្រឿងវង្សសុទ្ធតែកាឡៃ នៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ហើយជនសង្ស័យបានឆ្លើយសារភាពថា មុខរបរគាត់គឺដើរធ្វើសកម្មភាព បន្លំ ឆបោក ដោយប្រើប្រាស់រូបភាពបែបនេះ នាពេលកន្លងមក ពិសេសតាមស្រុក ជនបទដាច់ស្រយ៉ាល ។
ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឱ្យ ចាត់បញ្ជូនជនសង័្សយនិងវត្ថុតាង មកផែនជំនាញ ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និងមានចំណាត់ការតាម ផ្លូវច្បាប់ រីឯប្រាក់ប្រគល់ជូនម្ចាស់វិញ ។
សូមជូនព័ត៌មានថា នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលមកដល់នាថ្ងៃខាងមុខ ក្រុមមុខសញ្ញាល្មើសតែងឆ្លៀតឱកាស ចល័តធ្វើសកម្មភាពដូចគ្នា ឬស្រដៀងគ្នានេះ នៅតាមទីប្រជុំជន ទីផ្សារ ខ្លះដែលអាជីវករលក់ ដូរ ខ្វះការប្រុងប្រយ័ត្ន នោះគេនឹងធ្វើសកម្មភាពបន្លំ ឬឆបោកបានភ្លាមៗ ដូច្នេះ សូមបងប្អូន អាជីវករ លក់ដូរនៅតាមផ្សារមេត្តាប្រុងប្រយ័ត្ន និងសូមបន្តសហការណ៍ផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ចនគរបាល បានទាន់ពេលវេលា ដើម្បីអន្តរាគមន៍និងចាត់វិធានការជូន៕




