ខេត្តបាត់ដំបង៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៥០នាទី នៅចំណុចក្រុមទី៥ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីលួច (ខ្សែភ្លើង និងម៉ូទ័របូមទឹក) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឡើងតាមរបងទ្វារផ្ទះចូលលួចយកខ្សែភ្លើង និងម៉ូទ័របូមទឹករបស់ ជនរងគ្រោះឈ្មោះ ចាន់ ផាន់នី ភេទប្រុសុំអាយុ៤៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អាត ហុីង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ រួមទាំងវត្ថុតាងយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកកំរៀង ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ រយៈពេល០៧ឆ្នាំ ០៦ខែ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ចំនួន ០២លើក ។
ក្រោយពីបានសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឡើងតាមរបងទ្វារផ្ទះចូល ទៅក្នុងបរិវេណផ្ទះយករណាលួច កាត់ខ្សែភ្លើង និងលួចយកម៉ូទ័របូមទឹក ទម្លាក់ក្នុងអណ្ដូង តែត្រូវជនរងគ្រោះមកទាន់ ពិតប្រាកដមែន។
ករណីនេះ ជនសង្ស័យខាងលើត្រូវបាន កម្លាំងនគរបាលស្រុកកំរៀង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


