ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់ រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកគាស់ក្រឡ
បាត់ដំបង៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងដីចម្ការ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលហប់ ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទមីន Type 72 ចំនួន ០១គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

