ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី មរណភាពរបស់ពលករខ្មែរក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ
សន្តិសុខសង្គម
133

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពី មរណភាពរបស់ពលករខ្មែរក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមរបាយការណ៍ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថៃ និងការតាមដានជាប្រចាំរបស់ក្រសួង និងស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ គិតត្រឹមម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានពលករខ្មែរ ១រូប ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជាក់ថា ទទួល មរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាមានក្ដីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមាក្រោយពេលទទួលដំណឹងនេះ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខ និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុ ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ក្នុងឧបទ្ទវហេតុគ្រោះរញ្ជួយដីនេះ។ យើងខ្ញុំ សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយគ្រោះរញ្ជួយដីបានកើតឡើងភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ឱ្យចុះទៅផ្ទាល់ដល់កន្លែង កើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងតាមដានស្ថានភាពនៅទីនោះជាប្រចាំ។

នារសៀលថ្ងៃទី៣១ ខែមីនា នេះ ឯកឧត្តម ហ៊ុន សាវឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញទៅ ដល់មន្ទីរពេទ្យតម្កល់សពដោយផ្ទាល់ ដើម្បីរួមជាមួយសាច់ញាតិនៃសព និមន្តព្រះសង្ឃស្វាធ្យាយតាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា មុននឹងដឹកសពចេញដំណើរឆ្ពោះមកស្រុកកំណើតវិញ។ ទន្ទឹមនេះ ក្រុមការងារក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន បាននិងកំពុងជួយសម្រួលឯកសារផ្សេងៗ រង់ចាំទទួលសព និង កំពុងរៀបចំពិធីបុណ្យសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋាននៃសពផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើបច្ចុប្បន្នភាពបន្ថែម ក្នុងករណីមានការបញ្ជាក់ជាផ្លូវការណាមួយពី អាជ្ញាធរមានសមត្ថកិច្ចថៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។


Telegram