ខេត្តកណ្តាល ៖ ឃាតកម្មដ៍សាហាវមួយបានកើតឡើង នៅកៀកនឹងម៉ោងទេវតាចុះ ខណៈបុរសជាប្តី បានយកចបកាប់ វាយក្បាលសម្លាប់ប្រពន្ធ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចហើយតេទូរសព្ទទៅម្តាយក្មេកថា «ម៉ែឯងមកយកខ្មោចកូនម៉ែឯងផង» គ្រាន់តែលឺដូចនេះ ម្តាយបានជិះម៉ូតូ២នាក់ប្តីទៅមើលកូន ពេលបើកទ្វារផ្ទះ ក៏ឃើញកូនស្រីដែលជាជនរងគ្រោះ បានដេកសន្លប់ស្តួកស្តឹងនៅលើគ្រែ ហូរឈាមជាច្រើនលើពូក បាត់ទៅហើយ ។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង ០៣ និង ០០នាទី ទាបភ្លឺឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ចំណុចតាមបណ្តោយផ្លូវលំ ក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គាំ សៀកមួយ ភេទស្រី (ត្រូវជាប្រពន្ធ) អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មការនីរោងចក្រ មានទីលំនៅ ភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ ស៊ុន ធី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ សន្តិសុខឯកជន កំពុងរត់គេចខ្លួន ដកហូតបាន ចបកាប់ចំនួន០១ផ្លែដែក ដងឈើ ។
បើយោងតាមប្រភពព័ត៌មានពីម្តាយបង្កើត របស់ជនរងគ្រោះបានបញ្ជាក់ឱ្យដឹងថា កូនប្រសារជាជនដៃដល់ និង ជនរងគ្រោះ ជាប្តី ប្រពន្ធដែលជាកូនស្រីរបស់គាត់ បានឈ្លោះគ្នាប្រកែកគ្នាទៅវិញទៅមក ហើយចង់លែងលះគ្នា ជនសង្ស័យទាមទារយកកូន មួយសន្ទុះក្រោយមកក៏បាត់មាត់ទៅវិញ ។ លុះមកដល់វេលាម៉ោង ២និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ជនដៃដល់ជាកូនប្រសារ បានតេទូរស័ព្ទទៅម្តាយក្មេកថា ម៉ែឯងមកយកខ្មោចកូនម៉ែឯងផង គ្រាន់តែលឺដូចនេះ ឈ្មោះម៉ៅ ចាន់ ម្តាយក្មេកក៏បានជិះម៉ូតូពីរនាក់ប្តីទៅមើលកូន ពេលបើកទ្វារផ្ទះ ក៏ឃើញជនរងគ្រោះជាកូនស្រីរបស់គាត់ បានដេកសន្លប់ស្តួកស្តឹងនៅលើគ្រែ ដោយក្បាលខាងស្តាំមានរបួសរយះហូរឈាមជាច្រើនលើពូកស្លាប់បាត់ទៅហើយ ។ រហូតដល់ម៉ោង៣និង១៥នាទី ទើបឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញផ្នែកបច្ចេក និង វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ គឺស្លាប់ដោយសារជនសង្ស័យ យកចបវាយចំក្បាលផ្នែកខាងស្តាំ បណ្ដាលឱ្យផុងរលាស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នចំពោះករណីឃាតកម្មនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពុងបន្តស្រាវជ្រាវតាមរកឃាត់ខ្លួន ជនដៃដល់ជាប្តី ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែក សពត្រូវបានសមត្ថកិច្ចជំនាញស្រុកខ្សាច់កណ្ដាលបាន ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ នុច




