រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីរាត្រី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា បានឱ្យដឹងថា ឯកឧត្តមប្រធានាធិបតីចិន បានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

បន្ថែមពីលើនេះ ភាគីចិនបានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សា ស្ថិរភាពនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រ យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខនេះ។ ហើយភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ ភាគីកម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន និងបានសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់ចិនឆ្ពោះទៅការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ និងប្រជាជាតិចិនដ៏ រុងរឿង។
ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ជាដើម។

បន្ថែមពីលើនេះ ភាគីចិន ក៏បានបញ្ជាក់ជាថ្មីពីការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាព កាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។ លើសពីនេះ ភាគីចិនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។

ភាគីទាំងពីរបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្តបន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល។

ហើយភាគីទាំងពីរក៏បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០៕
