សមត្ថកិច្ចបំភ្លឺព័ត៌មាន ជុំវិញវីដេអូបង្ហោះលើបណ្តាញសង្គម «ប៉ូលីសនៅភូមិអូរជ្រៅ ស្រុកអូរជ្រៅ មកចាប់គេនៅក្នុងភូមិ.....» (មានវីដេអូ)
សន្តិសុខសង្គម
43

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញនូវសេចក្តីបំភ្លឺព័ត៌មាន ដូចតទៅ ៖

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់ សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ វេលា ម៉ោង៩និង៣០នាទី មានការបង្ហោះវីដេអូតាមប្រព័ន្ធបណ្តាញហ្វេសប៊ុក (Facebook) របស់ ឈ្មោះ រស្មី ជាង ដែក និង អ៊ីណុក ដោយខ្លឹមសារអត្ថាធិប្បាយថា...ប៉ូលីសនៅភូមិអូរជ្រៅ ស្រុកអូរជ្រៅ មកចាប់គេនៅក្នុងភូមិ..... សំដៅដល់ការចុះប្រតិបត្តិការ របស់ក្រុមការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ ។

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺ និង ជម្រាបជូនដល់សាធារណៈជនជ្រាបថា៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសខេត្ត បានចុះដាក់គោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខាងលិច វិទ្យាល័យកូបប្រហែល១០០ម៉ែត្រលើផ្លូវជាតិលេខ៥។ ពេលកំពុងប្រតិបត្តិការងារ ចន្លោះម៉ោង៩ទៅម៉ោង១០ព្រឹក ក៏មានអ្នកជិះម៉ូតូកែច្នៃស៊ីមាំងប្រែន (ខុសលក្ខណះបច្ចេកទេសបញ្ចេញសំលេងលឺខ្លាំង) បានមកដល់ ហើយជិះ គេចពីចំណុចគោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិ ក្បែរផ្លូវលំ ចុះតាមផ្លូវជាប់របងវិទ្យាល័យកូប ពេលនោះមន្ត្រី នគរបាលយើងដេញតាមបានប្រហែល៧០ម៉ែត្រពីគោលដៅត្រួតពិនិត្យ ក៏កាក់ម៉ូតូប្រជាពលរដ្ឋសួររកអ្នកជិះម៉ូតូ កែច្នៃស៊ីមាំងប្រែន ហើយមន្ត្រីយើងក៏បានអប់រំពួកគាត់អោយពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ផងដែរ។ ស្រប ពេលជាមួយគ្នានោះម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ រស្មី ជាងដែក និង អ៊ីណុក បានជិះមកដល់ហើយ ស្មានថា នគរបាលចរាចរណ៍ស្រុកអូរជ្រៅ ចុះដាក់គោលដៅត្រួតពិនិត្យដល់ក្នុងភូមិ ក៏ថតវីដេអូអត្ថាធិប្បាយបង្ហោះ ចេញទៅ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ។

អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនង សង្គម ទទួលជ្រាបជាព័ត៌មាន ៕



Telegram