ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា នគរបាលដែលបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ និងបញ្ជូនទៅតុលាការនៅព្រឹកនេះ លោកមិនលើកលែងឲ្យអ្នកប្រើព្រឹត្តល្មើសនោះទេ ច្បាប់អនុវត្តស្មើរគ្នា
សន្តិសុខសង្គម
100

យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះទាំងស្រុងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះថា « ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាល រាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស »។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបន្តថា « សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឲជំនាញ និង មូលដ្ឋាន ចុះដល់កន្លែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ក(វាស់ជាតិអាល់កុល) សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។ សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។ ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៍នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។ សូម មហាជន ជូនជ្រាបជាព័ត៌មាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។ ខ្ញុំសូមគោរព អរគុណ និង សូម អរគុណ បាទ» ៕ 


Telegram