ចោរថ្លើមធំ ជិះកង់មកលួចម៉ូតូគេបានសម្រេច គេចខ្លួនបានកន្លះខែ ជាប់ជុងរបស់សមត្ថកិច្ច! (មានវីដេអូ)
សន្តិសុខសង្គម
119

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពជិះកង់ មកចូលលួចម៉ូតូគេដែលចតទុកមុខផ្ទះបានសម្រេច រត់គេខ្លួនបាន១៦ថ្ងៃ ។

ប្រតិបត្តិការនេះដែលបានធ្វើទ្បើងកាលពីវេលាម៉ោង ០៧យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចលើស្ពានឆ្លងទន្លេបាសាក់ ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៃ សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានឈ្មោះ លី សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកមេស្រុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។

ក្នុងនោះសម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ HONDA BEAT ពណ៌ស.ខៀវ ស៊េរី ឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JD-0486 ចំនួន០១គ្រឿង

ជារបស់ជនរងគ្រោះ ។ វត្ថុតាងចាប់រួមមាន៖ កង់តួប្រុស ពណ៌ខ្មៅ ចំនួន០១គ្រឿងដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពដើរលួច ។

សមត្ថកិច្ចលោកបានបន្តថា កាលពីព្រឹកថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង០៨ និង ៣០នាទីព្រឹក ជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ បានដើរចូលទៅអូសម៉ូតូម៉ាកហុងដា BEAT ពណ៌ ស.ខៀវ ដែលមានស្លាកលេខ ភ្នំពេញ 1JD-0486 ដោយបានអូសម៉ូតូចេញពីក្នុងផ្ទះយកមកទុកនៅខាងមុខផ្ទះវិញ ហើយបានបែរក្បាលម៉ូតូទៅទិសខាងកើតដោយបានទុកកូនសោម៉ូតូ នៅក្នុងឃ្លុបម៉ូតូខាងមុខ ។ ក្រោយពេលអូសម៉ូតូចេញយកមកខាងក្រៅផ្ទះរួចនរងគ្រោះក៍បានដើរចេញមកក្រៅផ្ទះហើយបានបើកឡានដឹកអីវ៉ាន់ចេញទៅលក់ដូរបាត់ទៅ ។ ក្រោយមកបានបន្តិច ស្រាប់តែកូនស្រីរបស់ជនរងគ្រោះ ឈ្មោះ វណ្ណ ស្រីណុច គាត់បានខលទូរសព្ទមកប្រាប់ថាប៉ាៗម៉ូតូរបស់យើងគឺត្រូវបានចោរលួចយកទៅបាត់ហើយ ឭដូចច្នេះគាត់ក៍បានបើកឡានត្រឡប់មកផ្ទះវិញ ។ នៅពេលមកដល់ផ្ទះគាត់បាននាំគ្នាទៅសុំអ្នកជិតខាងអោយជួយឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថាមានជនសង្ស័យម្នាក់ បានជិះកង់ចូលមកលួចយកម៉ូតូរបស់គាត់ជិះចេញទៅតាមផ្លូវជាតិលេខ២១បាត់ទៅ ដោយបានបន្សល់ទុកនៅកង់តួប្រុស ពណ៌ខ្មៅចំនួន០១គ្រឿងនៅកន្លែងកើតហេតុ ។ បន្ទាប់មកជនរងគ្រោះ បានមករាយការណ៍ និង ដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវស្វែងរកមុខជនសង្ស័យ ។

លុះមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៧ និង ០០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកថ្មី សហការជាមួយកម្លាំងជំនាញស្រុកកោះធំ បានចេញល្បាត មកដល់ចំណុចលើស្ពានឆ្លងទន្លេរបាសាក់ ក៍បានជួបប្រទះ និងមុខសញ្ញាជនសង្ស័យឈ្មោះ លី សុវណ្ណរិទ្ធ កំពុងតែជិះកង់លេងនៅលើស្ពានតែម្នាក់ឯង ភ្លាមៗក៏ធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លី សុវណ្ណរិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ ពិតប្រាកដមែន គឺដោយសារជនរងគ្រោះគាត់បានទុកកូនសោរម៉ូតូនៅក្នុងឃ្លុបម៉ូតូខាងមុខ ដោយឃើញមានឱកាសល្អទើបខ្លួនដើរចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ ដោយបានបន្សល់ទុកនូវកង់តួប្រុសពណ៌ខ្មៅចំនួន០១គ្រឿងនៅកន្លែងកើតហេតុ ។ ក្រោយពេលជនសង្ស័យលួចម៉ូតូបានហើយ គឺបានជិះម៉ូតូនោះយកទៅដាក់បញ្ចាំ ឲ្យទៅឈ្មោះ ហុីម ភេទប្រុស រស់នៅសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានប្រាក់ចំនួន២០០ដុល្លារ យកមកទិញទូរសព្ទដៃថ្មីមួយគ្រឿងម៉ាកVIVO ពណ៌ផ្ទៃមេឃក្នុងតម្លៃ១០០ដុល្លា ហើយប្រាក់ដែលនៅសេសសល់ចំនួន១០០ដុល្លារទៀតគឺទុកសម្រាប់ស៊ីចាយ ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕នុច



Telegram