រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញ បុរសជនជាតិអ៊ីស្រាអែលម្នាក់ ធ្លាក់ពីលើសណ្ឋាគារ ជាន់ទី៣ ចុះមកក្រោមស្លាប់យ៉ាងរន្ធត់បំផុត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៤៥នាទីទៀបភ្លឺ ឈាមចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារមួយកន្លែង តាមបណ្តោយផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបឋម នៅទីតាំងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ មានអាយុ ៣៩ឆ្នាំ ជនជាតិអ៊ីស្រាអែល ស្នាក់នៅសណ្ឋាគារកើតហេតុ លុះដល់ម៉ោងកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែលឺសំឡេងក្តុក! រត់ចេញមកមើល ក៏ឃើញ បុរសខាងលើ ធ្លាក់ចុះមកក្រោម ស្លាប់បាត់ទៅហើយ ដោយនៅក្បែរសព មានកូនសោរបន្ទប់លេខ ៣០៣ ជាន់ទី០៣ ។
ទោះបីជាយ៉ាងណាក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យកាមេរ៉ាសុវត្ថិភាព ស្រាវជ្រាវនៅទីតាំងកើតហេតុ ថាតើជាករណីអ្វីឲ្យប្រាកដ និងចាត់ចែងសពបន្ត ៕ នុច





