ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង មុខសញ្ញា កាប់ គប់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដែលមានរហ័សនាម ធីមKTS ហៅថា ក្មេងតាមសួន និងធីមCL ហៅថា កាហ្វេខែតឡែន កាប់និងគប់ទៅលើក្រុមធីមចំនួន២ គឺធីម KK5(ក្មេងក៥) និងក្រុមBP(បាញ់ភ្លើង) យ៉ាងប្រសាចអាណាធិបតេយ្យ ត្រឹមរយៈពេល១៦ម៉ោងប៉ុណ្ណោះ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង២១និង២០នាទី ដោយយោងតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើការដឹកនាំកម្លាំងស្រាវជ្រាវ ករណីក្មេងទំនើង១ក្រុម មានគ្នាជាង ១០នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង ប្រដាប់ដោយ កាំបិតផ្គាក់ដំបង និងដុំថ្ម បានធ្វើសកម្មភាពចុះទៅកាប់និងគប់ម៉ូតូរបស់បុគ្គលិកក្នុងហាងបណ្ដាលឲ្យរងការខូចខាត ម៉ូតូចំនួន ១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខបាត់ដំបង 1AT-7457 នៅចំណុចហាងកាហ្វេយីហោ ធីតាលក់ម្ហូបកម្មង់ ស្ថិតក្នុងមណ្ឌល៩ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែពុំបានបណ្ដាលឱ្យមានអ្នករងរបួសទេ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងទាំងនោះក៏បានជិះម៉ូតូគេចខ្លួនបាត់។
ក្រុមទាំងនេះ ក៏បានបង្កអុកឡុកជាលើកទី២ វេលាម៉ោង២0និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ក្រុមក្មេងទំនើងខាងលើបានជិះម៉ូតូនាំគ្នាមកធ្វើសកម្មភាពដេញកាប់ទៅលើបុគ្គលិកហាងកាហ្វេខាងលើម្ដងទៀត បណ្ដាលឲ្យរងរបួសស្រាលម្នាក់ ជាភ្ញៀវដែលចូលទៅទិញកាហ្វេ ។ បន្ទាប់ពីធ្វើសកម្មភាពហើយ ក្រុមក្មេងទំនើងនោះក៏បានជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់ពីបានទទួលបញ្ជាភ្លាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី បានធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន៤នាក់ និងដកហូតបានកាំបិតផ្គាក់ចំនួន២ដើម យកមកអធិការដ្ឋានដើម្បីសួរនាំ។
ត្រឹមរយៈពេល១៦ម៉ោងប៉ុណ្ណោះ កម្លាំងជំនាញចាប់បានក្មេងទំនើងចំនួន៤នាក់ រួមមាន ៖
ទី១.ក្មេងទំនើង ឈ្មោះវ៉ា សុខជាត្រា ហៅត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទី២.ក្មេងទំនើងឈ្មោះនៅ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទី៣.ក្មេងទំនើង ឈ្មោះវ៉េត សុខចិន ហៅចិន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទី៤.ក្មេងទំនើង ឈ្មោះនី រ៉ាឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានសួរនាំរួចក្មេងទំនើងទាំង៤នាក់ បានឆ្លើយបំភ្លឺអោយសមត្ថកិច្ចដឹងថា ក្រុមពួកខ្លួនមានចំនួន២ធីម គឺធីមKTS ហៅថា ក្មេងតាមសួន និងធីមCL ហៅថា កាហ្វេខែតឡែន បានធ្វើសកម្មភាព កាប់និងគប់ទៅលើក្រុមធីមចំនួនពីរធីមគឺធីម KK5(ក្មេងក៥) និងក្រុមBP(បាញ់ភ្លើង) ប៉ុន្តែកាប់មិនត្រូវមនុស្សឡើយ តែបានកាប់ម៉ូតូបែកបាក់តាប្លូ និងកាត់តាប៊ូ។
សូមបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់ខាងលើ ជាក្មេងទំនើង បង្កអសន្តិសុខសង្គម និងជាមុខសញ្ញា កាប់ គប់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។
ចំណែកបក្ខពួកបានរត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ដោយកម្លាំងជំនាញបានកំណត់បានអត្តសញ្ញាណក្មេងទំនើងដែលកំពុងរត់គេចខ្លួន ៕
.jpg?1747816581)
.jpg?1747816589)

.jpg?1747816613)

.jpg?1747816621)
.jpg?1747816625)

.jpg?1747816635)

_copy.jpg?1747816737)
.jpg?1747816763)

