ខេត្តបាត់ដំបង ៖ ក្មេងស្រី២នាក់បងប្អូនលេងទឹកអូរ ពេលនោះ ត្រូវបានទឹកអូរហក់ឡើងភ្លាមៗ មកលឿនគួចយកក្មេងជាប្អូនទៅបាត់ អស់រយៈពេលជាយូរ ទើបប្រជាពលរដ្ឋ និងកម្លាំងយោធាសឹករងស្រុករាវរកឃើញ តែអកុសល្យស្លាប់ទៅហើយ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ចំណុច អូរក្បាលស្ពាន ខាងមុខវត្តអូរជុំ ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមប្រភពព័ត៌មាន មុនពេលកើតហេតុ មានក្មេង២នាក់ បងអាយុ៥ឆ្នាំ និងប្អូនអាយុ៣ឆ្នាំ បាននាំគ្នាចុះលេងទឹកអូរព្រំដែន ដោយពេលនោះ ទឹកនៅបាតអូរនៅឡើយ។ ស្រាប់តែភ្លាម ទឹកអូរបានជន់ឡើងយ៉ាងខ្លាំង និងហូរមកយ៉ាងលឿន ក្មេងជាបងបានស្រវ៉ាទាញដៃប្អូនរត់ឡើងដែរ តែទប់នឹងកម្លាំងទឹកមិនបាន របូតដៃប្អូន ហូរទៅតាមទឹកបាត់ ទើបស្រែកផ្អើលឆោឡោតែម្ដង មានទាំងប្រជាពលរដ្ឋ និងកម្លាំងយោធាសឹករងស្រុក បានចេញប្រតិបត្តិការស្វែងរកនៅតាមដងអូរ តាំងពីម៉ោងកើតហេតុ រហូតដល់វេលាម៉ោង៦និង១០នាទីយប់ ទើបរកឃើញសពក្មេងស្រីរងគ្រោះ និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។
នេះជាសារមួយផ្ញើរជូនប្រជាពលរដ្ឋ ដែលនិយមលេងកម្សាន្តនៅតាមតំបន់អូរ ឬជ្រោះ ដែលមានទឹកជន់ភ្លាមៗ សូមប្រយត្ន័ឲ្យបានខ្ពស់ ព្រោះជារដូវរស្សាមានភ្លៀងធ្លាក់ច្រើន ដែលអាចនឹងមានទឹកជន់មកភ្លាមៗ ចៀសវាងកើតមានគ្រោះអកុសលបែបនេះ ៕







