រាជធានីភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់ខ្លួនបាន ខណៈក្រុមជនសង្ស័យទាំងនេះ ជំនាញប្រើឧបករណ៍ផ្តាច់តេឡេឡាន បើកទ្វារលួចកាំភ្លើង១ដើម ក្នុងផ្សារទំនើបអ៊ីអនមានជ័យ ។
តួយ៉ាងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាច កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ពន្ធ័នឹងករណី អំពើលួចមានស្ថានទម្ងន់ទោស(បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន ១ ដើម) ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអ៊ីអនមានជ័យ សង្កាត់ចាក់អង្រែក្រោយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ LIANG JING DIAN ភេទប្រុស ឆ្នាំកំណើត១៩៨៧ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)
២-ឈ្មោះ LIANG SHAO MIN ភេទប្រុស ឆ្នាំកំណើត១៩៨០ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)
ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាង ៖
១-អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន ១៣ គ្រាប់ (ជារបស់ជនរងគ្រោះឈ្មោះ រ័ត្ន សុផាត)
២-ឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រពន្ធ័បញ្ជា ចំនួន ១ គ្រឿង (មធ្យោបាយធ្វើសកម្មភាព)
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕ នុច




