រកគុកឃើញ! ជិះម៉ូតូអត់ពាក់មួកការពារ សមត្ថកិច្ចឃាត់ឲ្យឈប់ មិនឈប់លើកជើងធាក់ទៀត ពេលនេះកំពុងឃុំខ្លួននៅពន្ធនាគារ
សន្តិសុខសង្គម
76

ខេត្តសៀមរាប ៖ ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លុះដល់វេលាម៉ោង ១៥:២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្រោយកម្លាំងសម្ថកិច្ចធ្វើការឃាត់ខ្លួនមកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន។

ពេលនេះជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ហើយបច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តសៀមរាប៕


Telegram