ខេត្តកណ្តាល ៖ ក្មេងទំនើងជាសិស្សសាលាចំនួន០២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ពីសកម្មភាពនាំគ្នាបង្ហោះម៉ូតូ រោទ៍ម៉ូតូ ជក់បារីអេឡិចត្រូនិច បង្កភាពអសន្តិសុខនៅក្នុងសង្គម តាមផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការឆ្មក់បង្ក្រាបបាន ។
ប្រតិបត្តិការនេះបានធ្វើទ្បើងកាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវបានរាយការណ៍ថា នៅចំណុចកើតហេតុខាងលើមាន ក្រុមក្មេងទំនើងជាសិស្សសាលា តែងតែជួបជុំគ្នា និងធ្វើសកម្មភាពរោទ៍ម៉ូតូ បង្ហោះម៉ូតូ ជក់បារីអេឡិចត្រូនិច បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញនគបាលស្រុកអង្គស្នួល បានធ្វើការចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ដ្រ ក៏ប្រទះឃើញក្មេងទំនើងជាសិស្សសាលាចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿង កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ និងរោទ៍ម៉ូតូ ដើម្បីបង្អួតភ្នែកគេឯង ដោយឃើញដូចនោះ កម្លាំងជំនាញបានឃាត់ខ្លួនក្មេងទំនើងជាសិស្សសាលា ចំនួន០២នាក់ រួចជាមួយវត្ថុតាងម៉ូតូ០២គ្រឿង នាំទៅកាន់ទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ ។
បច្ចុប្បន្ន ក្មេងទំនើងជាសិស្សសាលាទាំង០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអញ្ជើញក្រុមគ្រួសារ ដើម្បីមកធ្វើកិច្ចសន្យាអប់រំ រួចឲ្យក្មេងទំនើងខាងលើលាងសម្អាតបន្ទប់ទឹក និងធ្វើអនាម័យនៅបរិវេណ អធិការរដ្ឋាននគរបាលស្រុកអង្គស្នួល ទើបឲ្យត្រទ្បប់ទៅផ្ទះវិញ ចំណែកមធ្យោបាយ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលរយៈពេល០៣ខែ ៕នុច



