ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះបង្រ្កាបករណីរក្សាទុក ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី និងឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១៣ និង០៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ សួន សុភា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិសំរោង១ ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងនោះ វត្ថុតាងដកហូតរួមមាន ម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់សាច់ថ្នាំសុទ្ធ ១០.៨៩ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង អំពូលសម្រាប់ជក់ថ្នាំញៀនចំនួន០៤ ទុយោជោគថ្នាំញៀន ទូរស័ព្ទ ០២គ្រឿង ដែកកេះចំនួន ០១ដើម ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន ១ឈុត ម៉ូតូចំនួន០១គ្រឿង និងកូនថង់ច្រករំលែកមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចយើងកំពុងធ្វើការកសាងសំណុំរឿងបន្តនីតិវិធី៕


