រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈបុរសម្នាក់ជាកម្មករដុតឡ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ជាប់នឹងទ្វារឃ្លាំងសិប្បកម្មផលិតកាតុង ក្រោយឃើញអង្គុយផឹកស្រាថ្នាំតែម្នាក់ឯង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង ៣៥នាទៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចសិប្បកម្មផលិតកាតុងមួយកន្លែង តាមផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់កំណត់ហេតុHotline 117 ប្រចាំបញ្ជាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហេង សំអន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករដុតឡ ស្នាក់នៅ សិប្បកម្មផលិត កាតុង ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមការបំភ្លឺពីឈ្មោះ សុខ សុខុម ភេទប្រុស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល៧យប់ គាត់កំពុងនៅឃ្លាំងស្តុកសម្ភារៈ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះ ក៏បានឃើញជនរងគ្រោះអង្គុយផឹកស្រាថ្នាំតែម្នាក់ឯង នៅលើគ្រែក្នុងឃ្លាំងស្តុកសម្ភារៈខាងលើ ។ ដល់ វេលាម៉ោងប្រហែល១០យប់ គាត់ក៏បានបិទទ្វារចាក់សោរឃ្លាំង តែមិនឃើញជនរងគ្រោះនៅអង្គុយផឹកទៀតទេ មិនដឹងថាចេញទៅពីពេលណាឡើយ ។ លុះដល់វេលាម៉ោង ០៦ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គាត់បានក្រោកពីដេកឡើងបើកទ្វារឃ្លាំង ស្រាប់តែឃើញជនរងគ្រោះ បានចងកស្លាប់ជាប់នឹងទ្វាររបងឃ្លាំងខាងលើ ស្លាប់បាត់ទៅ ហើយ។
តាមការពិនិត្យកោសល្យវិច្ច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះ ស្លាប់ដោយសារចងក(អត្តឃាត) ពិតប្រាកដមែន ពេលនេះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ នុច



