ក្មេងៗជំទង់ ៤-៥នាក់ បបួលគ្នាទៅលេងទឹក រួចរៀនហែល ស្រាប់តែផុតជើងលង់លិចបាត់ម្នាក់ រាវរកយ៉ាងណាក៏មិនឃើញ ព្រឹកឡើងសពអណ្តែតជាប់មងអ្នកភូមិ
សន្តិសុខសង្គម
109

ខេត្តកណ្តាល ៖ ក្មេងៗជំទង់ ៤-៥នាក់ បបួលគ្នាទៅលេងទឹក រួចរៀនហែល ស្រាប់តែផុតជើងលង់លិចបាត់ រាវរកយ៉ាងណាក៏មិនឃើញ លុះព្រឹកឡើង អ្នករកត្រីលើកមង ចេះតែឆ្ងល់ម៉េចក៏តឹងម្ល៉េះ លុះទាញមើលឃើញសពផុសឡើងតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ ចំណុចឆ្នេរខ្សាច់ទន្លេរមេគង្គលើ ភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះមានឈ្មោះ ផាត លីណា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

តាមការបំភ្លឺរបស់ឈ្មោះ គា ជីងអ៊ូ ឈ្មោះ វ៉ាន វណ្ណ និងឈ្មោះ ម៉ៅ ជ្រឹង បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ឈ្មោះ គា ជីងអ៊ូ កំពុងលេងទូរស័ព្ទនៅក្រោមដើមក្រខុបលើអង្រឹងមុខផ្ទះ ពេលនោះជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ មកបបួលខ្លួនទៅលេងទឹកនៅឆ្នេរខ្សាច់មាត់ទន្លេរភូមិក្អម (កន្លែងកើតហេតុ)

ហើយឈ្មោះ គា ជីងអ៊ូ ក៏យល់ព្រមទៅលេងនៅទីនោះ បន្ទាប់មកជនរងគ្រោះក៏ជិះម៉ូតូត្រឡប់ចេញទៅវិញ។ រហូតដល់វេលាម៉ោង ៣រសៀល ឈ្មោះ គា ជីងអ៊ូ បានជិះម៉ូតូឌុបឈ្មោះ វ៉ាន វណ្ណ និងឈ្មោះ តាត វិទូ មកឆ្នេខ្សាច់មាត់ទន្លេរភូមិក្អម ។ មុនពេលមកដល់ឈ្មោះ គា ជីងអ៊ូ ក៏ទម្លាក់ឈ្មោះ វ៉ាន វណ្ណ និងឈ្មោះ តាត វិទូ ចុះនៅទីនោះ រួចឈ្មោះ គា ជីងអ៊ូ ជិះម៉ូតូត្រឡប់ទៅយកជនរងគ្រោះ និងឈ្មោះ គា នីកា មួយបកទៀត ពេលត្រឡប់មកដល់កន្លែងលេងទឹក ពួកខ្លួនក៏បាននាំគ្នាចុះទៅលេងទឹកទន្លេ រហូតដល់វេលាម៉ោង ៣និង២០នាទីរសៀល ជនរងគ្រោះ បានរៀនហែលទឹក

ក្នុងពេលនោះក៏បានហែលដល់កន្លែងទឹកជ្រៅផុតជើង បណ្ដាលឲ្យជនរងគ្រោះលង់ទៅក្នុងទឹកលើកដៃឲ្យគេជួយ ឃើញដូច្នេះឈ្មោះ គា ជីងអ៊ូ ក៏ទៅជួយទាញដៃជនរងគ្រោះ ដោយទឹកជ្រៅទាញអត់មក និងអស់ខ្យល់ ឈ្មោះ គា ជីងអ៊ូ ក៏ហែលមកលើគោកវិញ ។ ចំណែកជនរងគ្រោះក៏បានលិចបាត់ បន្ទាប់មកអ្នកនៅជិតនោះ ក៏បាននាំគ្នាជួយចុះរាវរកជនរងគ្រោះរហូតដល់យប់ជ្រៅតែរកមិនឃើញ។

លុះព្រឹកឡើងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ឈ្មោះ ម៉ៅ ជ្រឹង បានជិះទូកទៅមើលមង ដែលខ្លួនរាយនៅក្នុងទន្លេមេគង្គស្ថិតនៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ពេលសាមងបានពាក់កណ្ដាល ស្រាប់តែទាញមងរាងតឹង និងបានឃើញសាកសពហើបផុសឡើង ពេលនោះក៏បានយកខ្សែពួចងកែងដៃអូសមកដាក់នៅច្រាំងទន្លេ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពីទទួលបានពត៌មាន កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរ និងគ្រូពេទ្យបង្អែក ចុះទៅធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា សពជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram