ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយលេងល្បែងចាញ់នៅច្បារអំពៅ មកលួចកាច់កម៉ូតូគេបានសម្រេចក្នុងស្រុកកៀនស្វាយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះរិន តុងលីភេទប្រុសអាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកជនសង្ស័យមានឈ្មោះ អៀង សុខណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតមានស្រុកកំណើតនៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ។
ក្នុងនោះសម្ភារៈបាត់បង់រួមមាន ៖
ម៉ូតូ០១គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2019 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1AF-4027(ជារបស់ជនរងគ្រោះ)។វត្ថុតាងចាប់យក:
១/ ម៉ូតូ០១គ្រឿងម៉ាកHonda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2019 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1AF-4027(ជារបស់ជនរងគ្រោះ) ។
២/ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១
៣/ កាបូបលុយពណ៌ត្នោតចំនួន១
៤/ កាត ABAចំនួន១
៥/ កាត AMK ចំនួន១
៦/ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-19 ចំនួន១
៧/ទទួលលឺវីសពណ៌លឿង-ខ្មៅដងជ័រប្រវែង១៨,៥៥សង់ទីម៉ែត្រចំនួន១
៨/នាមប័ណ្ណទិញលក់ម៉ូតូចំនួន១
៩/ វិក័យបត្រទិញលក់ម៉ូតូ ចំនួន២សន្លឹក
១០/សោម៉ូតូ១,កូនសោផ្ទះ១,កូនសោបន្ទប់១ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលពេលកើតហេតុ ជនរងគ្រោះកំពុងជួសជុលម៉ូតូ រួចបានដើរចូលក្នុងបន្ទប់ទឹក និងទុកសោរជាប់នឹងម៉ូតូនៅក្នុងផ្ទះ ដើម្បីទុកឲ្យប្រពន្ធរបស់ខ្លួនជិះទៅលក់ដូរនៅក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ពេលចូលបន្ទប់ទឹកនោះ ក៏បានទុកឲ្យកូនប្រុសអាយុ៥ឆ្នាំ អង្គុយលើកៅអីក្បែរម៉ូតូនឹងដែរ ស្រាប់តែជនសង្ស័យបានដើរចូលក្នុងផ្ទះ ទាញយកម៉ូតូជនរងគ្រោះចេញពីក្នុងផ្ទះប្រហែល៣ម៉ែត្រដល់ចិញ្ចើមផ្លូវ កូនជនរងគ្រោះបានស្រែកថា ប៉ាចោរលួចម៉ូតូ ឃើញដូច្នេះជនរងគ្រោះបានរត់ចេញពីបន្ទប់ទឹក រត់ដេញតាមចាប់ជនសង្ស័យ។ ចំណែកជនសង្ស័យបានផ្ដួលម៉ូតូបម្រុងរត់ ប៉ុន្តែក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃាត់បាន និងតេទូរស័ព្ទប្រាប់នគរបាលប៉ុស្ដិ៍សំរោងធំឲ្យជួយអន្ដរាគមន៍។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានជិះរថយន្តក្រុងចេញពីផ្ទះ សំដៅមកលេងល្បែងចាក់ជល់មាន់អនឡាញនិងលេងអាប៉ោងនៅម្តុំផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ពេលចាញ់អស់ប្រាក់ ខ្លួនមានគំនិតដើរលួចម៉ូតូ ។ បន្ទាប់មកខ្លួនក៏សុំប្រាក់មេអាប៉ោងចំនួន១ម៉ឺនរៀល ដើម្បីជិះរថយន្តឈ្នួលមកតាមផ្លូវជាតិលេខ១ លុះដល់ចំណុចម្តុំការ៉ាស់សាំងលីមឡុង ស្ថិតក្នុងឃុំសំរោងធំ ខ្លួនបានឲ្យគេឈប់ឡាន រួចចុះដើរតាមចិញ្ចើមផ្លូវជាតិលេខ១មកភ្នំពេញវិញ ក្នុងគោលបំណងដើរសម្លឹងមើលម៉ូតូរបស់ប្រជាពលរដ្ឋណាទុកប្រហែសខ្លួននឹងលួចយក ពេលដើរដល់ចំណុចផ្ទះកើតហេតុខ្លួនបានឃើញម៉ូតូគេទុកសោជាប់នៅនឹងម៉ូតូ ក៏បានធ្វើសកម្មភាពលួចយកម៉ូតូ តែត្រូវម្ចាស់ម៉ូតូតាមទាន់ក៏រត់គេចទៅបុកនឹងសង្ក័សី បណ្តាលឲ្យបែកក្បាលចេញឈាម ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរនោះបានឃាត់ខ្លួនប្រគល់ឲ្យនគរបាល មូលហេតុខ្លួនលេងល្បែងចាញ់។
ពេលនេះជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕






