ខេត្តកំពង់ស្ពឺ៖ ឱប្អូនៗអើយ ឈប់បានឈប់ទៅគ្មាននរណាគេមកសរសើរប្អូនទេ វ័យប៉ុន្នេះខំរៀនសូត្រ ជួយការងារឪពុកម្តាយ ធ្វើខ្លួនឲ្យល្អ ឲ្យគេឲ្យតម្លៃ កុំស្រវ៉េយកផ្លូវអន្ទពាល បាយផ្ទះមិនឆ្ងាញ់ឬយ៉ាងណា? រាំកាន់ដាវគ្រវីសម្ញ៉ែងអួតគេ គ្មាននរណាគេឲ្យពានទេ មានតែជាប់ខ្នោះដៃរបស់សមត្ថកិច្ចទៅវិញ ។
ក្នុងនោះ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ករណីបង្រ្កាបក្រុមក្មេងទំនើង លោកវរសេនីយទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាអោយផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងឃាត់មុខសញ្ញាក្មេងទំនើងម្នាក់ដែលបានថតវីដេអូសម្ដែងក្បាច់គុន ដាវ បង្អួតថតបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គម tik tok និងចែកចាយបន្ដតាមរយៈ គណនីហ្វេសប៊ុក ឈ្មោះ តារា សៀមរាប " ប្រឹងឡើងកូន កូនជិតបានសម្រេចហើយ " ។
នាព្រឹកថ្ងៃសៅរ៍ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលបានឃាត់មុខសញ្ញាខាងលើដែលមានឈ្មោះ អូន រ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរនិងចំណាត់ការនីតិវិធី។
នៅចំពោះសមត្ថកិច្ចក្មេងទំនើងខាងលើបានទទួលស្គាល់ថាពិតជាបានធ្វើសកម្មភាពថតវីដេអូ កាន់ដាវនិងសម្ដែងក្បាច់តាមចង្វាក់វិជ្ជាគុនដូចវីដេអូភាគចិន ថតនៅចំណុចភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រួចបង្ហោះលើគណនីTik Tok របស់ខ្លួនឈ្មោះ Kakav កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ពិតប្រាដកមែន គោលបំណងចង់បង្អួតដល់ដៃរគូរម្ខាងទៀតត្រៀមលក្ខណៈកុំព្រហើន។
បច្ចុប្បន្ន មុខសញ្ញាក្មេងទំនើងរួមជាមួយវត្ថុតាងដាវ ទូរស័ព្ទ ជំនាញបានកសាងសំណុំបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមនីតិវិធី៕នុច







