រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំដល់ លោក ណុប សក្កដា ហៅលោកគ្រូផេះគ្រូអង្កាម ឱ្យបញ្ឈប់ការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ដោះអំពើ ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។
លុះនៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយ ស្ថាប័ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះធ្វើការណែនាំ លោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គមនានា ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់ គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់ ៕












