ស៊ុតមាន់ជាង ២ ម៉ឺនគ្រាប់ទៀតហើយ ដែលដឹកចេញពីប្រទេសវៀតណាមខុសច្បាប់ បម្រុងយកមកចែកចាយនៅរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខណ្ឌដង្កោ
សន្តិសុខសង្គម
98

រាជធានីភ្នំពេញ ៖ យោងតាមគណនីផ្លូវការរបស់លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា នៅវេលាម៉ោង ០៦និង ៥០នាទី នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿងម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ៨៥ដុំស្មើនឹង២៥៥០០គ្រាប់ ស្ទាក់ចាប់ជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងទៀតថា រថយន្តខាងលើបានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់)ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ពេលនេះ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕


Telegram