ជាងផ្សារដែកម្នាក់ មកពីធ្វើការវិញ ផ្ទះលិចទឹកតាមដំបូលក៏ឡើងបិទ អកុសល្យចរន្តអគ្គីសនីឆក់ស្លាប់ចោលប្រពន្ធ....
សន្តិសុខសង្គម
104

ខេត្តកណ្តាល ៖ ជាងផ្សារដែកម្នាក់ មកពីធ្វើការវិញ ផ្ទះលិចទឹកតាមដំបូល ក៏យកម៉ូទ័រស្វាន កន្ត្រៃសម្រាប់កាត់ខ្សែភ្លើង ដាក់ជណ្តើរដែកមកផ្អែកជញ្ជាំងឡើងបិទកន្លែងដែលលិចទឹក រួចយកកន្ត្រៃទៅកាត់ស័ង្កសីដែលជាប់ជាមួយខ្សែភ្លើងដែលមានចរន្តអគ្គីសនី បណ្តាលឲ្យឆក់ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង ៣០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ផៃ សុខា​ ភេទប្រុស​ អាយុ៤៤ឆ្នាំមុខរបរជាងផ្សារដែក ស្រុកកំណើតនៅភូមិ​មេសរ​ ឃុំព្រែកកុយ​ ស្រុកកងមាស​ ខេត្តកំពងចាម សព្វថ្ងៃរស់នៅ​ភូមិថ្នល់ទឹង​ ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រកឃើញកូនកន្ត្រៃកាត់ខ្សែភ្លើង០១ នៅទីតាំងកើតហេតុ ។

ប្រពន្ធជនរងគ្រោះមានឈ្មោះ​ កយ​ សុខឡេង​ អាយុ៤៨ឆ្នាំ មុខរបរ​ នៅផ្ទះ រស់នៅភូមិថ្នល់ទទឹង​ ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំកើតហេតុវេលាម៉ោង០៣រសៀល ប្តីបានត្រឡប់មកពីធ្វើការនៅក្នុងភូមិម្តុំផ្លូវជាតិលេខ៥១ ហើយបានសម្រាន្តលក់មួយស្របក់ ក្រោយមកប្តីក៏ភ្ញាក់ពីដេកបានដើរមើលជញ្ជាំង និងដំបូលផ្ទះរបស់ខ្លួន ដោយពេលភ្លៀងពីលិចមានសាចទឹកភ្លៀងចូល ។ ពេលនោះប្តីរបស់គាត់ក៏បានរៀបចំម៉ូទ័រស្វាន កន្ត្រៃសម្រាប់កាត់ខ្សែភ្លើង និងកាវបិទដំបូលលិចទឹក រួចបានយកជណ្តើរដែកមកផ្អែកជញ្ជាំងឡើងបិទកន្លែងដែលលិចទឹក និងបានយកកន្ត្រៃទៅកាត់ស័ង្កសីដែលជាប់ជាមួយខ្សែភ្លើងដែលមានចរន្តអគ្គីសនី បណ្តាលឲ្យឆក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង។ ក្រោយមកគាត់ជាប្រពន្ធ ក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយលើក ប្តីដាក់រឺម៉កទៅមណ្ឌលសុខភាពឃុំដំណាក់អំពិល ពេលទៅដល់គ្រូពេទ្យបានប្រាប់ថាប្តីគាត់បានស្លាប់បាត់ទៅហើយ ទើបយកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោលស្យវិច័យ ចុះមកធ្វើការពិនិត្យសាកសព និងទីតាំងកើតហេតុ នៅផ្ទះធ្វើអំពីដែកស័ង្កសីប្រក់ដំបូលស័ង្កសីបណ្តោយ១៥ម៉ែត្រនិងទទឹង៥ម៉ែត្រ តសំយ៉ាបមកខាងមុខប្រវែង៧ម៉ែត្រធ្វើអំពីដែកប្រក់ដំបូលស័ង្កសី សាកសពស្លៀកខោខាវប៊យជើងវែង ពណ៌ខៀវខ្ចី មានក្រវ៉ាត់ខ្សែក្រវ៉ាត់ និងពាក់ខ្សែចង្កេះ គ្មានអាវពាក់ មានសភាពរឹង មានស្នាមរលាត់បាតដៃ ស្នាមមុតគល់មេដៃខាងស្តាំ ស្នាមកោសរលាត់ម្រាមមេជើងខាងឆ្វេង ស្នាមកោសរលាត់ម្រាមជើងចង្អុលខាងឆ្វេង ផ្នែកខ្នងមានស្រុងឈាម ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ ដូច្នេះយោងតាមការពិនិត្យកន្លែងកើតហេតុ យោងតាម លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនី បាន​ប្រគល់​ជូន​ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram