ខេត្តព្រៃវែង ៖ ករណីឃាតកម្មមួយបានកើតឡើង ខណៈជនដៃដល់ម្នាក់ បានយកដែកជ្រុង វាយសម្លាប់បុរសវ័យចំណាស់ម្នាក់ទៀត ជាអ្នកជិតខាងនឹងគ្នា ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះខឹងញ៉ុះញ៉ុងឲ្យប្រពន្ធរបស់ខ្លួនលែងលះជាមួយខ្លួន ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងនៅភូមិសេរីចរចារ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់មានឈ្មោះ យ៉េត រៃយ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះឈ្មោះ ថោង ថេត ភេទប្រុស អាយុ៧០ឆ្នាំ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើដំណើរម្នាក់ឯងតាមផ្លូវលំក្នុងភូមិសុខៗ ស្រាប់តែជនសង្ស័យជាអ្នកជិតខាងនេះ យកដែកជ្រុងស្ទុះទៅវាយសំពងជនរងគ្រោះរហូតប្រកាច់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង រួចហើយព្យាយាមរត់គេចខ្លួន តែដោយសារភ្លាមនោះ មានអ្នកស្រុកកំពុងដើរឃ្វាលគោនៅក្បែរនោះបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ក៏ប្រញាប់ប្តឹងសមត្ថកិច្ចភ្លាមៗ បានជាង១ម៉ោងប៉ុណ្ណោះសមត្ថកិច្ចក៏ស្ទាក់ចាប់ឃាត់ខ្លួនជនល្មើសបាន និងបានឆ្លើយសារភាពថា មូលហេតុដែលគេវាយសម្លាប់ជនរងគ្រោះ គឺដោយសារតែខឹងជនរងគ្រោះ បានញុះញង់ប្រពន្ធរបស់ខ្លួន លែងខ្លួនចោល បើជនរងគ្រោះមិនញុះញង់ប្រពន្ធខ្លួនទេ ប្ដីប្រពន្ធរបស់គេក៏មិនបែកបាក់គ្នាដែរ។
ទោះបីជាយ៉ាងណា ពេលនេះ ជនសង្ស័យជាជនដៃដល់ខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដោយសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមច្បាប់ ៕



.jpg?1748272333)

