ធ្លាប់ជាប់គុក​២ឆ្នាំ អត់រាងចាល លើកនេះលួចម៉ូតូគេបានហើយ លក់ចេញ ជាប់ខ្នោះទៀត!
សន្តិសុខសង្គម
83

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាធ្លាប់ជាប់គុក​២ឆ្នាំ តែមិនរាងចាល លើកនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនសារជាថ្មី ក្រោយធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជាប្រជាការពារ ដែលជាប់រវល់ទៅមើលកន្លែងផ្ញើម៉ូតូនៅផ្ទះបុណ្យចម្ងាយប្រហែល១០០ម៉ែត្រ កាន់តែស៊យទៀតនោះ លួចបានហើយលក់អត់ចេញទៀត រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ដកហូតម៉ូតូប្រគល់ឲ្យម្ចាស់គេវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេណដីឡូតិ៍ ភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុគន្ធ វាសនា ហៅស្នា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ចាប់យកបាន ម៉ូតូម៉ាកសង់C125ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ លេខតួនិង លេខម៉ាស៊ីន ៨១៨៣៣៧១ ពាក់ផ្លាកលេខ កណ្ដាល 1R-7316 របស់ជនរងគ្រោះឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីសាលាឃុំព្រៃពួច ឆ្ពោះទៅភូមិចំការគួច ដើម្បី យាមម៉ូតូក្នុងកម្មវិធីបុណ្យខួប១០០ថ្ងៃ នៅពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូនៅផ្ទះកើតហេតុដែលជាប្រជាការពារដូចគ្នា ហើយក៏ចេញទៅមើលកន្លែងផ្ញើម៉ូតូនៅផ្ទះបុណ្យមានចម្ងាយប្រហែល១០០ម៉ែត្រ បានរយៈពេលប្រហែល២០នាទី ដោយនៅផ្ទះបុណ្យមិនទាន់មានភៀវចូលរួម ទើបជនរងគ្រោះបានចេញទៅ សម្រាកនៅផ្ទះកើតហេតុវិញ ពេលទៅដល់ស្រាប់តែមិនឃើញម៉ូតូឡើយ។ ចំណែកជនសង្ស័យដែលដេក ក្នុងខ្ទមខាងមុខផ្ទះក៏មិនឃើញដែរ ទើបមានការសង្ស័យក៏បានស្វែងរកតែមិនឃើញជនសង្ស័យឡើយក៏ទៅ ដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលព្រៃពួច។ លុះព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១១ថ្ងៃត្រង់ ស្រាប់តែជនសង្ស័យបានទៅដល់ផ្ទះកើតហេតុវិញ ទើបកម្លាំងប៉ុស្ដិ៍ព្រៃពួចបានហៅសួនាំ ពេលនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតបានលួចយកម៉ូតូរបស់ជនរងគ្រោះពិតមែន ចំពោះម៉ូតូ បានយកទៅលក់តែគ្មានអ្នកទិញឡើយ ហើយម៉ូតូនោះបានដាក់នៅកន្លែងលាងសម្អាតម៉ូតូទើបហៅមិត្តភក្ដិ ឲ្យជូនទៅផ្ទះ ។

ក្រោយពីទទួលបានព័ត៌មានដែលជនសង្ស័យបានសារភាពហើយ កម្លាំងប៉ុស្ដិ៍ព្រៃពួច សហការជាមួយកម្លាំងផ្នែកជំនាញ នាំជនសង្ស័យនិងវត្ថុតាងទៅអធិការដ្ឋាននគរបានស្រុកដើម្បីសួនាំ។

សមត្ថកិច្ចក៏បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលមួយលើកពីបទ៖អំពើលួច ជាប់រយៈពេល២ឆ្នាំ ពេលនេះកំពុងត្រូវបាន កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕ នុច


Telegram