មុខសញ្ញាកាច់កម៉ូតូ គាស់ផ្ទះ​​​ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅកណ្តាលអាធ្រាត្រ ជាប់ខ្នោះរបស់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
សន្តិសុខសង្គម
95

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង​០២៖៥៥នាទីទាបភ្លឺ​​ លោកឧត្តមសេនីយ៍ត្រី​​ ប៊ុត វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន​ ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ មកដល់ត្រង់ចំណុច​មុខធនាគារអេប៊ីអេ​ ផ្លូវហាណូយ​ កែងផ្លូវម៉ុងឬទ្ធី​ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យម្នាក់បានធ្វេីសកម្មភាពចូលលួចទូរស័ព្ទ​ពីជនរងគ្រោះ​ជាសន្តិសុខយាមធនាគារបានសម្រេច​។

ភ្លាមនោះកម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗ​ ជនសង្ស័យមាន ឈ្មោះ​ ឡុង​ សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ​ មុខរបរមិនពិតប្រាកដ​។

សម្ភារៈដកហូតមាន ទូរស័ព្ទម៉ាក​ vivo (របស់ជនរងគ្រោះ), សោរទីបលេខ៨​ និងដែកសំប៉ែតមុខស្រួច​ (សម្រាប់កាច់កម៉ូតូ) និង ដែកសម្រាប់គាស់សោរ​។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram