បង្រ្កាបករណីលួចស្លាកលេខរថយន្ត ចាប់ខ្លួនជនសង្ស័យជនជាតិចិន០២នាក់ ដកហូតវត្ថុតាងជាច្រើន
សន្តិសុខសង្គម
63

ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សហការជាមួយសាជីវកម្ម និងសាធារណជនក្នុងការបង្ការ និងបង្រ្កាបបទល្មើសជាប្រចាំ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអន្តរាគមន៍ និងបង្ក្រាបករណីលួចស្លាកលេខរថយន្តបានជោគជ័យ ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង​០៣និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅលើដីឡូតិ៍មួយ ក្នុងក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យម្នាក់ជិះរថយន្តបានធ្វើសកម្មភាពលួចស្លាកលេខរថយន្តពីរថយន្តម៉ាក Toyota Alphard ពណ៌ខ្មៅ ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានធ្វើស្រាវជ្រាវយ៉ាងម៉ត់ចត់ រហូតកំណត់មុខសញ្ញាណបានចំនួន ៤នាក់ ហើយឃាត់ខ្លួនបាន ២នាក់ នៅវេលាម៉ោងប្រហែល ២៣និង០០នាទី ថ្ងៃទី២២ ខែឧសភា នៅសណ្ឋាគារ BLUE BAY ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងនាំមកសាកសួរតាមនីតិវិធី ។

ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ៖

• ស្លាកលេខ 2CI-8818 ចំនួន ០២ផ្ទាំង

• ស្លាកលេខ 2CA-0300 ចំនួន ០១ផ្ទាំង ។

អត្តសញ្ញាណជនសង្ស័យ៖

១. Duan Sho Lin, ជនជាតិចិន, មេការចងការប្រាក់ក្នុងកាស៊ីណូ (ឃាត់ខ្លួន)

២. Li Xiao Wei, ជនជាតិចិន, មុខរបរមិនប្រាកដ (ឃាត់ខ្លួន)

៣. Da Yong, ជនជាតិចិន (រត់គេចខ្លួន)

៤. បុរសម្នាក់ មិនស្គាល់ឈ្មោះ (រត់គេចខ្លួន) ។

វត្ថុតាងដែលបានដកហូត៖

• រថយន្ត Toyota Alphard ពណ៌ខ្មៅ ស្លាកលេខ 2BX-8907 ចំនួន ០១គ្រឿង

• ទុលល្វីស ០២ដើម

• ស្លាកលេខ 2CI-8818 ចំនួន ០២សន្លឹក

• ទូរស័ព្ទ ០៤គ្រឿង

• សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀន (បានប្រគល់ឱ្យការិយាល័យប្រឆាំងគ្រឿងញៀន) ។

ជនសង្ស័យទាំង ២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ពិតមែន ដោយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ពួកគេបានលួចស្លាកលេខរថយន្ត ២ដង គឺនៅវេលាម៉ោងប្រហែល៣និង០០នាទីរំលងអធ្រាត្រ ធ្វើសកម្មភាពលួចស្លាកលេខរថយន្តម៉ាក Toyota Alphard ពណ៌ខ្មៅ នៅម្តុំរង្វង់មូលតោ២ ស្ថិតក្នុងក្រុម៨ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានស្លាកលេខ០២ផ្ទាំង មានលេខ ភ្នំពេញ 2CI-8818 ។ រហូតវេលាម៉ោងប្រហែល០៣ និង៣០នាទី បានទៅលួចដោះផ្លាកលេខរថយន្ត០១គ្រឿងទៀត ម៉ាក Toyota Alphard ពណ៌ខ្មៅដូចគ្នា ដែលមានស្លាកលេខ ភ្នំពេញ 2CA-0300 តែពេលកំពុងធ្វើសកម្មភាព ដោះបានផ្លាកលេខ០១ផ្ទាំង ត្រូវបានម្ចាស់គេមកទាន់ ក៏នាំគ្នាគេចខ្លួន ។

បច្ចុប្បន្ននេះ សម្ភារៈដែលបានលួចត្រូវបានប្រគល់វិញទៅម្ចាស់ដើម ខណៈជនសង្ស័យទាំង ២នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអរគុណសាធារណជនដែលបានចូលរួមជួយជម្រាបព័ត៌មាន និងអំពាវនាវឱ្យបន្តការរួមដៃគ្នាប្រយុទ្ធប្រឆាំងបទល្មើស ដើម្បីធានាសន្តិសុខសាធារណៈ ៕


Telegram