លោកយាយពិការជើងម្ខាងកំពុងសម្រាកជាមួយចៅអាយុ០៧ឆ្នាំនៅសំយ៉ាបផ្ទះខាងមុខផ្ទះ លឺសំឡេងផ្ទុះផាំងចេញពីក្នុងផ្ទះ ឆេះយ៉ាងសន្ធោសន្ធៅ
សន្តិសុខសង្គម
40

ខេត្តកណ្តាល ៖ លោកយាយពិការជើងម្ខាងកំពុងសម្រាន្តជាមួយចៅអាយុ០៧ឆ្នាំ នៅសំយ៉ាបផ្ទះខាងមុខផ្ទះ លឺសំឡេងផ្ទុះផាំងចេញពីក្នុងផ្ទះ ឆេះយ៉ាងសន្ធោសន្ធៅ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង០៥នាទី​ ថ្ងៃទី​០៥ ខែ​ មិថុនា ឆ្នាំ២០២៥​ ចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ ។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ ​ផាន់​ រីម​ ភេទស្រី​ អាយុ៦៣ ឆ្នាំ (ពិការជើងឆ្វេង)​ រស់នៅផ្ទះ ភូមិ​ ឃុំ កើតហេតុខាងលើ ដោយអគ្គិភ័យនេះបាន ឆេះផ្ទះទំហំ៥m x​ ៦m​ ប្រក់ស័ង្កសី​ ជញ្ជាំងធ្វើពីស័ង្កសី​ និងស្លឹក ,ម៉ូតូហុងដាគុប០១គ្រឿង​ ទូខោអាវ​០១​ និងសម្ភារៈមួយចំនួនទៀត​ បណ្តាលឱ្យខូចខាតទាំងស្រុង។

សូមបញ្ជាក់ថា មុនពេលកើតហេតុ​ ម្ចាស់ផ្ទះបានសម្រាកជាមួយចៅប្រុសអាយុ៧ឆ្នាំនៅសំយ៉ាបផ្ទះខាងមុខ​ បន្ទាប់មកក៏បានលឺ​ សម្លេងផ្ទុះនៅក្នុងផ្ទះ​ ហើយក៏មាន អណ្តាតភ្លើងឆេះពីក្នុងរាលចេញមកក្រៅ​ ។ពេលនោះម្ចាស់ផ្ទះបានស្រែកហៅអ្នកជិតខាងអោយមកជួយពន្លត់​ ប្រជាពលរដ្ឋឃើញហេតុការណ៍​ បានរាយការណ៍​ជូនដល់សមត្ថកិច្ច​ ។

ក្រោយពីទទួលបានព័ត៌មាន​បានភ្លាម​ កម្លាំងប៉ុស្តិ៍ពើក​ កម្លាំងអន្តរាគមន៍ស្រុក បានចុះទៅដល់កន្លែងកើតហេតុ​ មានការចូលរួមពីប្រជាការពារ​ និងប្រជាពលរដ្ឋ​ សរុបប្រមាណ១៥នាក់​ បានធ្វើការពន្លត់អគ្គីភ័យត្រង់ចំណុចខាងលើ​ រហូតរលត់ទៅវិញ១០០%​ នៅវេលាម៉ោង០១និង២៥នាទី​ នាថ្ងៃដដែល ទោះបីជាយ៉ាងណាក្នុងហេតុការណ៍នេះ គ្មាននរណាម្នាក់ រងរបួសនោះទេ ខណៈមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលពីទុស្សេខ្សែភ្លើង ៕ នុច


Telegram