ជិះម៉ូតូឌុបគ្នា លួចផ្ទាំងសូឡាតាមផ្ទះពលរដ្ឋបានមួយហើយមិនអស់ចិត្ត ជិះលួចបន្ត អស់លក្ខណ៍ជាប់ខ្នោះដៃសមត្ថកិច្ច
សន្តិសុខសង្គម
36

ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាចូលលួចផ្ទាំងសូឡាតាមផ្ទះប្រជាពលរដ្ឋបានមួយហើយ តែមិនអស់ចិត្ត ជិះលួចបន្តតែត្រូវអស់លក្ខណ៍ មកជួបកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមផ្លូវធ្វើការចាប់ឃាត់ខ្លួន ។ ប្រតិបត្តិការឃាត់ខ្លួននេះដែលកើតឡើងកាលពីវេលាម៉ោងម៉ោង០៣និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការរដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ០២នាក់ ៖

១-ឈ្មោះ ឡាយ រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល១ឆ្នាំករណីលួចម៉ូតូ។

២-ឈ្មោះវិន យឿងកាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖

១-ម៉ូតូមួយគ្រឿងម៉ាកHonda c125សេរី២០១៤ ពណ៌ខ្មៅ ស្លាកលេខកណ្តាល1S-6007 ជារបស់ជនសង្ស័យ ។

២-ផ្ទាំងសូឡាមួយផ្ទាំង ។

៣-សោរខ្សៀចំនួនមួយ ។

លោកបានបន្តឲ្យដឹងថា មុនពេលកើតហេតុកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូឌុបគ្នា ដោយមានផ្ទាំងសូទ្បាជាប់ នឹងខ្លួនចំនួន០១ផ្ទាំង ក៏មានការសង្ស័យកម្លាំងរបស់យើង ធ្វើការឃាត់សួរនាំទើបបែកធ្លាយថា ជនសង្ស័យទាំង០២នាក់ ទើបតែលួចពីផ្ទះប្រជាពលរដ្ឋបាន បំរុងជិះទៅលួចរួចបន្ត ស្រាប់តែមកជួបសមត្ថកិច្ចតែម្តង ភ្លាមៗសមត្ថកិច្ចបានបញ្ជូនខ្លួនមកធ្វើសាកសួរនាំ។

ក្រោយពេលសមត្ថកិច្ចសាកសួររួចជនសង្ស័យទាំង០២នាក់បានឆ្លើយថា ពួកគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចផ្ទាំងសូឡរបស់ប្រជាពលរដ្ឋប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ ដោយ អែល មេសា


Telegram