ក្រោយ​​ស្ពាន​​​ឆ្លង​ទន្លេ​ខេត្តក្រចេះ​សាងសង់រួចរាល់ កំពង់ដរព្រែកព្រលូង ​នឹងត្រូវបិទអាជីវកម្ម
សន្តិសុខសង្គម
123

ខេត្តក្រចេះ ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ត​ក្រចេះ នឹងត្រូវបានបើកឲ្យធ្វើដំណើរក្នុងពេលឆាប់ៗនាអំឡុងខែកញ្ញា ខាងមុខនេះ កំពង់ដរចម្លង (តាលុស-ព្រែកព្រលូង) ពីស្រុកចិត្របុរី ឆ្លងទៅស្រុកព្រែកប្រសព្វ ដែលមានប្រវត្តិយូរឆ្នាំណាស់មកហើយ និង​ជាកំពង់ដរចម្លងដ៏សកម្មមួយនៅក្នុងខេត្តក្រចេះ អាចនឹងត្រូវបិទអាជីវកម្មនាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ។

ម្ចាស់កំពង់ដរចម្លង (តាលុស-ព្រែកព្រលូង) បានឲ្យដឹងថា ប្រសិនស្ពានឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ​ការ អាជីវកម្មកំពង់ដរចម្លង (តាលុស-ព្រែកព្រលូង) គឺត្រូវបិទហើយ ព្រោះមិនអាចដំណើរការតទៅទៀតបានទេ ពី​ព្រោះពេល​មានស្ពានឆ្លងកាត់ទន្លេមេគង្គ ទាំងរថយន្តតូច ធំ ម៉ូតូ ឬ កង់​ក្តី គេមិនសុខចិត្តចំណាយលុយជិះដរឆ្លងទៀតទេ ម្យ៉ាងរដ្ឋក៏អត់មានការអនុញ្ញាតិឲ្យបន្តទៀតដែរ។

ម្ចាស់ដ-ចម្លង ដដែល​បន្តថា កន្លងមកគ្រប់ម្ចាស់កំពង់ដរធំៗទាំងអស់ក្នុងខេត្ត គឺមានការវិនិយោគជាមួយរដ្ឋតែម្តង លើកលែងតែខេត្តដាក់ឲ្យមានការដេញថ្លៃនៅគោលដៅណាមួយ នោះទើបម្ចាស់អាជីវកម្មមានសិទ្ធិដេញថ្លៃបន្ត។

ខេត្តក្រចេះ មាន​ទន្លេមេគង្គហូរកាត់ចាប់ពីខាងជើងទៅខាងត្បូងមានប្រវែង ១៤០ គីឡូម៉ែត្រ និង​មានភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងដល់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ តាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បច្ចុប្បន្នខេត្តក្រចេះ​មានកំពង់ដរចម្លងចំនួន ១២ កន្លែង កំពុង​ដំណើរការ​នៅតាមបណ្តាស្រុកជាប់ដងទន្លេ៕


Telegram