បើកឆាកប្រយុទ្ធ កាប់គ្នាដូចរឿងហុងកុងមានអ្នករបួស សមត្ថកិច្ចចាប់បានទាំងសង្ខាង!
សន្តិសុខសង្គម
51

ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលកើតឡើងនៅខាងមុខខារ៉ាអូខេ “៣៣៣ចាស់” ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងហេតុការណ៍នេះ មានជនជាតិខ្មែរចំនួន ០២ក្រុម បានប្រព្រឹត្តសកម្មភាពវាយគ្នាទៅវិញទៅមកដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យមានបុរសម្នាក់រងរបួសធ្ងន់ត្រង់ក្បាល ត្រូវបានបញ្ជូនទៅព្យាបាលបឋមនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ចំការចេក) ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានធ្វើស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅវេលាម៉ោង ១៧និង៤០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យភេទប្រុសចំនួន ០៥នាក់ ពីរភាគីដែលជាជនជាតិខ្មែរ បន្ទាប់ពីសួរនាំ និងស្រាវជ្រាវ បានបញ្ជាក់ថាជនទាំងនេះពាក់ព័ន្ធជាក់ស្តែងនឹងសកម្មភាពខាងលើ ។ ជនសង្ស័យរងរបួសត្រូវបានការព្យាបាល ដោយរងរបួសក្បាល (ដេរចំនួន ៣ថ្នេរ ជម្រៅ ០.៥សម, ប្រវែង ៣.៥សម) ។

អត្តសញ្ញាណជនសង្ស័យ៖

ភាគីទី១ :

១-សាយ និល (ប្រុស, កើតឆ្នាំ ១៩៨៨) មុខរបរ ដឹកសង្ហារឹម

២-និល សន្យា (ប្រុស, កើតឆ្នាំ ២០០៨) មុខរបរ នៅផ្ទះ ។

ភាគីទី២ :

១-សុខ ចាន់រះ (ប្រុស, កើតឆ្នាំ ២០០៤) មុខរបរ ដឹកអីវ៉ាន់

២-អឿន គីមហេង (ប្រុស, កើតឆ្នាំ ១៩៩៩) មុខរបរ រត់ផាស់អាប់

៣-ស៊ុន សុខលី (ប្រុស, កើតឆ្នាំ ២០០៥) មុខរបរ រត់ផាស់អាប់ ។

សម្ភារៈត្រូវបានចាប់យក៖

• ម៉ូតូ BAJAJ RE ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង

• ម៉ូតូ CB150R ពណ៌ខ្មៅ ស្លាកលេខ កំពត 1Q-4922

• ទូរស័ព្ទ iPhone X, VIVO, OPPO (ចំនួន ៣គ្រឿង)

• ច្រវាក់ម៉ូតូ ១ខ្សែ

• សោម៉ាលែតដែក ១ដើម

• កាំបិតបុ័ងតោ ១ដើម ។

ជនសង្ស័យទាំង ៥នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលបញ្ជូនសំនុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ជាបន្ត ៕


Telegram