រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពីពលរដ្ឋ ០៣គ្រួសារ ដែលរងផលប៉ះពាល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
ព័ត៌មានជាតិ
97

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវ សេចក្តីជូនដំណឹងជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានបណ្តាញសង្គម Facebook និង Tik Tok ឈ្មោះ Chhay Vannseang បានបង្ហោះរូបភាព ដោយលើកឡើងថា “គេចង់មករុះរើផ្ទះរបស់ខ្ញុំហើយដោយមិនទាន់បានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោម ព្រែកប្រា សូមសម្តេចពុក សម្តេចម៉ែ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកខ្ញុំផង» ។

តាមរយៈបណ្តាញសង្គម Facebook និង Tik Tok ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹង ក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស។

អនុវត្តតាមគម្រោងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ បានធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់បាន ៩៨% ហើយ គឺនៅសល់តែបងប្អូនប្រជា ពលរដ្ឋចំនួន ០៣ គ្រួសារ តែប៉ុណ្ណោះ ហើយកន្លងមកក្រុមការងារបានអញ្ជើញប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចំនួន ០៣ គ្រួសារនេះ មកធ្វើការសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារ ប៉ុន្តែពួកគាត់ នៅតែមិនទាន់ទទួលយកសំណងពីគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក្នុងនោះមាន ៖ ១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន) ២/ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥$ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និង ៣/ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់សរុបចំនួន ១៧១.៨៣៨,១៩ $ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបីដុល្លារអាមេរិក និងដប់ប្រាំបួនសេន) សំណងផលប៉ះពាល់នេះ ពួកគាត់មិន ព្រមទទួលយក ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនសាធារណជនថា រដ្ឋបាលរាជធានី ភ្នំពេញ ចាំបាច់ត្រូវដកហូតទីតាំងខាងលើនេះមកឱ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យទាន់ផែនការកំណត់ ដើម្បីប្រយោជន៍សាធារណៈ ដោយមិនអាចបណ្តែត បណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារ ធ្វើឱ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ នេះឡើយ។ ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញនៅតែទុកលទ្ធភាពជូនពួកគាត់ បើពិនិត្យឃើញថាចំនួនទឹកប្រាក់នៃ ការផ្តល់សំណងនេះមិនសមស្របនោះ អាចដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីបន្ត ទៀតបាន ទោះបីជាពួកគាត់ទទួលបានសំណងពីគណៈកម្មការអន្តរក្រសួង ឬក៏ក្រោយពេលស្ពានត្រូវបាន សាងសង់បញ្ចប់ និងបានដាក់ឱ្យប្រើប្រាស់ក៏ដោយ។ សូមបញ្ជាក់ថា ចំពោះសំណងផលប៉ះពាល់ គណៈកម្មការ អន្តរក្រសួងដោះស្រាយផលប៉ះពាល់រក្សាទុកជូនពួកគាត់ នៅពេលដែលពួកគាត់មកទទួលសំណងនេះ ពេលណាក៏បាន។

ទន្ទឹមនឹងនេះ ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ឱ្យបញ្ចប់ និងឈានទៅដោះស្រាយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋទាំងអស់នោះ ស្នើបងប្អូនប្រជាពលរដ្ឋចំនួន ០៣ គ្រួសារខាងលើ អញ្ជើញមកទទួលយកសំណងផលប៉ះពាល់ពីគណៈកម្មការអន្តរក្រសួង។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕ 


Telegram