ក្រសួងព័ត៌មាន កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកអ្នកបង្កើតព័ត៌មានក្លែងក្លាយ ប្រើAI បំភាន់សាធារណមតិឱ្យយល់ច្រឡំពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា យកមកចាត់ការតាមច្បាប់
សន្តិសុខសង្គម
141

យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បង្ហោះនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា វីដេអូខាងលើនេះត្រូវបានជនខិលខូចប្រើបច្ចេកវិទ្យា AI បង្កើតឡើង ដើម្បីបំភាន់សាធារណមតិឱ្យយល់ច្រឡំពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ការបង្កើតមាតិកានេះបានធ្វើឱ្យប៉ះពាល់ដល់ឈ្មោះ រូបភាព កិត្តិយសរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋ។

ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ជាពិសេសម្ចាស់គណនីខាងលើ លុបវីដេអូខាងលើ និងបញ្ឈប់ជាបន្ទាន់រាល់ការបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការប្រើប្រាស់រូបសញ្ញា (Logo) ឈ្មោះរបស់ក្រសួង ស្ថាប័ន និងអង្គភាពផ្លូវការនានា ក្នុងគោលបំណងកេងចំណេញផ្នែកណាមួយឬបង្ខូចរូបភាព កេរ្តិ៍ឈ្មោះរបស់អង្គភាព ស្ថាប័ននោះ។

ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាកំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធនឹងករណីបង្កើតព័ត៌មានក្លែងក្លាយមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕


Telegram