រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់បែកមុខមាត់ និងរបួសដៃជើងដោយខ្លួនឯង ខណៈជិះម៉ូតូវ៉ាជែងរថយន្តមួយគ្រឿងផុត បែរជាជ្រុលមកបុករថយន្តស៊េរីទំនើប ម៉ាកឡិចស៊ីស RX 570 ដែលកំពុងឈប់ស្តុបក្រហម ពេញទំហឹង បាក់កាងរថយន្តខាងមុខគៀបជាប់ម៉ូតូ អូសពេញផ្លូវតែម្តង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង១០នាទី រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំនុចស្តុបបែកជា៤ រង្វង់មូលនាងមច្ឆា ផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមសម្តីរបស់បុរសដែលជាអ្នកបើកបរម៉ូតូ បាននិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូឃ្លីក មួយគ្រឿង ជិះតែម្នាក់ឯង ក្នុងល្បឿនលឿន ដោយបានវ៉ាជែងនឹងរថយន្តមួយគ្រឿងទៀត លុះវ៉ាផុតហើយនោះ ដោយសារម៉ូតូលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងរថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីស RX570 ពណ៌ស មួយគ្រឿងដែល កំពុងបើកបរចុះពីស្ពានបាឡេ កាត់តាមរង្វង់មូលនាងមច្ឆា មកឈប់ស្តុបក្រហម ពេញទំហឹង បណ្តាលឲ្យកាងខាងមុខនៃរថយន្តខ្ទេចធ្លាក់ដល់ដី គាបម៉ូតូជាប់ជាមួយ អូសពេញផ្លូវ រងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបតរម៉ូតូវិញ បានដួលបោក រងរបួសធ្ងន់ បែកមុខមាត់ និងដៃជើងផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការវាស់វែង ដោយទុកពេលឲ្យភាគីទាំង២ ចរចារគ្នា តែដោយសារតែចរចារគ្នាមិនត្រូវ ទេីបប្រគល់ឲ្យសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕