រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមជនសង្ស័យចំនួន ៧នាក់ ដែលពាក់ព័ន្ធនឹងករណី លួចកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋ និងលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រ ថែមទាំងមានពាក់ព័ន្ធនឹងករណីគ្រឿងញៀនថែមទៀត ដែលបង្ក្រាបបានជាបន្តបន្ទាប់។
លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ TVFB ឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់នេះ ត្រូវបានឃាត់ខ្លួន ពីបទ ប៉ុនប៉ងប្រព្រឹត្តអំពើលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច ត្រង់ចំណុចវាលស្រែ ផ្លូវលំ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អធិការនគរបាលខណ្ឌដង្កោ បានបន្តថា ជនសង្ស័យ០៧នាក់ រួមមាន៖
ទី០១.ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទី០២. ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី០៣.ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែណជ័យ រាជធានីភ្នំពេញ។
ទី០៤.ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី០៥.ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី០៦.ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី០៧.ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ជនសង្ស័យទាំង០៧នាក់មានសារធាតុញៀន) ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាន ៖ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1Q-8457 មានលេខតួ និងលេខម៉ាស៊ីន351671 ចំនួន០១គ្រឿង, ដែកជ្រុងចុងសំប៉ែតស្រួចរុំស្កុតជាប់ជាមួយសោរខ្សៀលេខ៨ចំនួន០១, តួណឺវីសចំនួន០២, កូនកាំបិតចុងស្រួចដងក្រហមចំនួន០១, ដែកតូចសម្រាប់ឆ្កឹះសោរចំនួន០៥, កូនកន្ត្រៃដែកចំនួន០១, ញញួរចំនួន០១, កាបូបស្ពាយពណ៌គគីរចំនួន០១, ដាវកែវច្នៃប្រវែង៥០សង់ទីម៉ែត្រចំនួន០១, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងចង្កឹះសោរចាក់ផ្ទះមួយចង្កោម ។
លោកអធិការបន្តថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ព្រៃស តាមផ្លូវលំ ដល់ចំណុចវាលស្រែ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន៣នាក់ ទី០១ឈ្មោះ នាង សារិទ្ធ ,ទី០២ឈ្មោះ រិទ្ធ វណ្ណៈ ទី០៣ឈ្មោះ យុង សីហា បានបើកម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 1Q-8457 ឌុបគ្នាមកឈប់វាលស្រែ ស្ថិតនៅភូមិម្ភៃបួនខាងលើ ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានឃាត់ជនសង្ស័យទាំង០៣នាក់ខាងលើ ធ្វើការត្រួតពិនិត្យរកឃើញឧបករណ៍ប្រព្រឹត្តបទល្មើស ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ រួចនៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន០៤នាក់ទៀត រកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវីធីច្បាប់បន្ត ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់៕ អែល មេសា