កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បុរសម្នាក់មានវិជ្ជមានកូវីដ១៩ គេចវេសពីការព្យាបាលកាលពីរសៀលម្សិលមិញ
សន្តិសុខសង្គម
399

រាជធានីភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ បានគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ ដេញតាមមុខសញ្ញារហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ពេលនោះសមត្ថកិច្ច និងក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ ណែនាំបុរសរូបនោះ យល់អំពីសារៈប្រយោជន៍នៃការព្យាបាលព្រមទាំងទោសទណ្ឌនៃការគេចវេស តែបុរសរូបនោះនៅតែមិនព្រម ស្ម័គ្រចិត្តទទួលយកការព្យាបាល ។

ថែមទាំងរើសដុំថ្ម ព្យាយាមវាយប្រហារមកលើសត្ថកិច្ចថែមទៀតផង ដោយមានការហ៊ុព័ទ្ធនិងបង្ខំ ពីសមត្ថកិច្ច បុរសនោះក៏ព្រមឡើងរថយន្តជាមួយ ក្រុមគ្រូពេទ្យ ដើម្បីទៅធ្វើការព្យាបាល នៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង។

ដោយបុរសនោះមានឈ្មោះ ជា គា ភេទ ប្រុសអាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ករណីគេចវេសពីការព្យាបាលនេះ ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន៕ រូបភាព៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ 


Telegram